រាជធានីភ្នំពេញ៖ កម្មករសំណង់ ២នាក់ប្ដីប្រពន្ធ មានជីវភាពខ្វះខាតខ្លាំង ដែលល្មើសវិធានការបិទខ្ទប់នៅរាជធានីភ្នំពេញ ដោយបន្ដធ្វើចរាចរណ៍នោះ មិនត្រូវបានសមត្ថកិច្ចផាកពិន័យឡើយ ក្រោយសាមីខ្លួនមានហេតុផលច្បាស់លាស់បញ្ជាក់ជូនសមត្ថកិច្ច ដោយត្រូវទៅមើលកូនតូចអាយុ៣ឆ្នាំ និង១៤ឆ្នាំ នៅស្រុកកំណើតដែលកំពុងខ្វះស្បៀងអាហារហូបចុក។

គួរជម្រាបថា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៥៖៣០នាទី កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានធ្វើការឃាត់មនុស្ស២នាក់ ពាក់ព័ន្ធការករណីល្មើសវិធានការបិទខ្ទប់រាជធានីភ្នំពេញ នៅត្រង់ចំណុចផ្លូវព្រះសីហនុ កែងផ្លូវព្រះមុនីវង្ស សង្កាត់ចតុមុខ ខណ្ឌដូនពេញ ដោយត្រូវកម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយ លោក ម៉ុក ចន្ទ័ករុណា អភិបាលរងខណ្ឌ ដោយបានចេញប័ណ្ណផាកពិន័យ ដែលមានរយៈពេល៣០ថ្ងៃ ដោយទុកពេលឲ្យអ្នកល្មើសមកបង់ប្រាក់ពិន័យ។

រហូតដល់រសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃើញវីដេអូឃ្លីប ស្ដ្រីឈ្មោះ ហេង អ៊ុក និងប្តី ដោយបាននិយាយអំពីមូលហេតុ ដែលគាត់ជិះចេញក្រៅល្មើសវិធានការ ដើម្បីយកទឹកដោះគោ និងម្ហូបទៅឲ្យកូនតូចរបស់គាត់ ហើយថែមទាំងបញ្ជាក់ប្រាប់ពីទុក្ខលំបាក នៃការខ្វះខាតក្នុងដំណាក់កាលនេះ ស្របពេលដែលគាត់ពីរនាក់ប្តីប្រពន្ធ ជាជាងសំណង់ផងនោះ ទើបសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ធ្វើការស្រាវជ្រាវរកគាត់ និងបានអញ្ជើញគាត់មកសាលាខណ្ឌដូនពេញ។

ដោយឃើញពីស្ថានភាពលំបាកជាក់ស្តែង និងហេតុផលច្បាស់លាស់ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានសម្រេចមិនធ្វើការផាកពិន័យគាត់នោះទេ ហើយថែមទាំងផ្តល់អំណោយមួយចំនួនជូនគាត់ ដើម្បីដោះស្រាយជីវភាពក្នុងដំណាក់កាលនេះផងដែរ។

សូមជម្រាបថា គាត់ទាំង២នាក់ ប្ដីឈ្មោះ ធឿន ប៊ុនធឿន អាយុ៣០ឆ្នាំ មុខរបរជាងសំណង់ និងប្រពន្ធឈ្មោះ ហេង អ៊ុក អាយុ២៩ឆ្នាំ មុខរបរជាងសំណង់។ អ្នកទាំងពីរខាងលើស្នាក់នៅការដ្ឋានសំណង់ផ្លូវ ៥០ម៉ែត្រ ខណ្ឌមានជ័យ ជិះម៉ូតូមួយគ្រឿងម៉ាក C125 ពាក់ស្លាកលេខភ្នំពេញ 1FD-1073៕