ពិតណាស់ នៅពេលកូនចាប់ផ្ដើមចេះនិយាយកុហក ប៉ាម៉ាក់ច្បាស់ជាពិបាកចិត្តមិនខាន ហើយប្រសិនបើប៉ាម៉ាក់មិនប្រញាប់អប់រំកូនតាំងពីក្មេងទេនោះ ពួកគេអាចនឹងបន្តទម្លាប់មិនល្អមួយនេះ រហូតដល់ពេលដែលខ្លួនពេញវ័យទៀតផង។ ប៉ុន្ដែក៏ត្រូវដឹងផងដែរថា ហេតុអ្វីក្មេងនិយាយកុហកហើយគួរដោះស្រាយបែបណា? ក្មេងៗអាចកុហក ក្រោមលក្ខខណ្ឌដូចខាងក្រោម៖

១. បិទបាំងរឿងរ៉ាវមួយចំនួន ដើម្បីជៀសផុតពីបញ្ហា។
២. ចង់ដឹងថាប៉ាម៉ាក់នឹងឆ្លើយតបបែបណា។
៣. បង្កើតរឿងឲ្យកាន់តែរំភើប។
៤. ទទួលបទពិសោធន៍ ដោយធ្វើពើថារឿងដែលកើតឡើងគឺជាការពិត។
៥. ទទួលបានចំណាប់អារម្មណ៍។
៦. ដើម្បីទទួលបានអ្វីដែលខ្លួនចង់បាន។
៧. ដើម្បីកុំឲ្យអ្នកណាម្នាក់ឈឺចាប់ ជាការកុហកក្នុងគោលបំណងល្អ។

• គន្លឹះមួយចំនួនក្នុងការដោះស្រាយការកុហករបស់កូន៖
១. ចូរនិយាយជាមួយកូនដោយស្ងប់អារម្មណ៍ និងពន្យល់ពួកគេឲ្យយល់ដឹងពីអារម្មណ៍យើង។ បន្ថែមពីនេះ យើងគប្បីណែនាំកូនថា ការកុហកអាចប៉ះពាល់ដល់ទំនាក់ទំនងរវាងប៉ាម៉ាក់ និងកូន ហើយគ្រួសារ ក៏ដូចជាមិត្តភ័ក្ដិអាចនឹងឈប់ទុកចិត្តពួកគេតទៅទៀត។
២. ចូរប្រាប់កូនជានិច្ច នៅពេលដែលយើងដឹងថាពួកគេនិយាយកុហក។ ប៉ុន្តែប៉ាម៉ាក់គប្បីជៀសវាងសួរកូនគ្រប់ពេល ថាតើពួកគេនិយាយជាការពិតដែរឬយ៉ាងណា។ លើសពីនេះ ជៀសវាងថាឲ្យកូនជាមនុស្សកុហក ពីព្រោះវាអាចនឹងធ្វើឲ្យក្មេងជឿថាពួកគេពិតជាមនុស្សកុហក ដែលនាំឲ្យកើតមានការកុហកកាន់តែច្រើនឡើង។
៣. ប្រសិនបើកូនកុហក ដើម្បីការពារអ្នកណាម្នាក់ ឬខ្លួនឯង ប៉ាម៉ាក់ត្រូវធានាថា ពួកគេនឹងមានសុវត្ថិភាព នៅពេលដែលពួកគេនិយាយការពិត៕