រាជធានីភ្នំពេញ៖ អគ្គនាយកអគ្គិសនីកម្ពុជា(EDC) លោក កែវ រតនៈ បានអះអាងកាលពីពេលថ្មីៗនេះយ៉ាងច្បាស់ៗថា គ្មានគោលការណ៍ពន្យារពេលទូទាត់ថ្លៃភ្លើងឡើយ ព្រោះប៉ះពាល់ផ្នែកសេដ្ឋកិច្ចEDCខ្លាំង។ ប៉ុន្តែ EDC ក៏មិនចុះទៅផ្ដាច់ភ្លើងពលរដ្ឋនៅតំបន់រងគ្រោះខ្លាំង ឬតំបន់ក្រហមដែរ។

ការអះអាងរបស់ប្រធាន (EDC) រូបនេះបានធ្វើឡើងក្រោយអ្នកតាមដានព្រឹត្តិការណ៍សង្គមជជែកគ្នាជាហូរហែថា EDC គួរពន្យារពេលទូទាត់ថ្លៃភ្លើង ដល់អ្នករងគ្រោះខ្លាំងដោយសារវិបត្តិកូវីដ-១៩។ ដោយពួកគេបានសង្កត់ធ្ងន់ថា៖««រដ្ឋគួរតែបន្ធូរបន្ថយថ្លៃទឹកភ្លើង ពន្យារពេល ឬអាចឲ្យប្រជាពលរដ្ឋប្រើដោយឥតគិតថ្លៃមួយរយៈទៅ ពីរទៅបីខែ ទៅតាមស្ថានភាពកូវីដ-១៩។ វាជាការល្អ ហើយជាការលើកស្ទួយការរស់នៅរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទៀត»។

ជាមួយគ្នានេះដែរ លោក កែវ រតនៈ ក៏បកស្រាយថា រដ្ឋាភិបាលមានកាតព្វកិច្ចជួយដល់ពលរដ្ឋខ្វះខាត ដើម្បីឲ្យមានលទ្ធភាពក្នុងការបង់ថ្លៃភ្លើងនេះ។ «អ្នកដែលដោះស្រាយជូនអ្នកទីទាល់ក្រ ដាច់ប្រាក់ខែដោយសារបងប្អូនលំបាកក្នុងតំបន់បិទខ្ទប់ ជាពិសេសនៅតំបន់ក្រហម ជាភាកិច្ចរបស់អាជ្ញាធរមូលដ្ឋាន និងអគ្គលេខាដ្ឋានផ្នែកគាំពារសង្គមរបស់ក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ។ អ៊ីចឹងគាត់(ពលរដ្ឋ)ទំនាក់ទំនងទៅខាងអាជ្ញាធរមូលដ្ឋាន ដើម្បីពិនិត្យកិច្ចការហ្នឹង ហើយផ្ដល់ជាសាច់ប្រាក់ហើយគាត់យកបង់ទឹកភ្លើង ថ្លៃសំរាម ដោះស្រាយស្បៀងអាហារហើយ ចែកគ្នាឲ្យដាច់កុំឲ្យច្របូកច្របល់គ្នា មិនមែនកិច្ចការរបស់EDCទេ»។ នេះបើតាមលោក កែវ រតនៈ ដែលអះអាងថា EDC គ្មានគោលការណ៍លើកលែង និងពន្យារពេលការបង់ថ្លៃអគ្គិសនីដល់ពលរដ្ឋឡើយ។

លោក កែវ រតនៈ ក៏ទទួលស្គាល់ថា តំបន់ក្រហមនិងពលរដ្ឋរងគ្រោះខ្លាំងមានចំនួនតិច ប៉ុន្តែតិចតួចបូកចូលគ្នាគឺច្រើន ប្រសិនបើស្ថានកាលកូវីដ-១៩មិនធូរស្រាល។ ដូច្នេះ ការពន្យារពេល២ទៅ៣ខែ ក្នុងការទូទាត់ថ្លៃភ្លើង នឹងប៉ះពាល់សេដ្ឋកិច្ចហរិញ្ញវត្ថុរបស់ EDC ខ្លាំង។

«អត់មានគោលការណ៍អ៊ីចឹងទេ (ពន្យារពេលបង់ថ្លៃភ្លើង២ទៅ៣ខែ) ដោយសារយើងរំពឹងថាបងប្អូនប្រជាពលរដ្ឋត្រូវបន្តបំពេញកាតព្វកិច្ច[…]ប៉ះពាល់ខ្លាំង(សេដ្ឋកិច្ចEDC) ដោយសារតែយើងមិនបានប្រមូលថវិការឲ្យទាន់នៅពេលបងប្អូនប្រើភ្លើងហើយ មិនបានជួយបង់ អ្វីដែលកើតឡើងគឺបញ្ហាពីរ»។ នេះបើតាមការលើកឡើងរបស់ អគ្គនាយកEDC ។

បើតាមលោក កែវ រតន មូលហេតុដែលកម្ពុជា មិនអាចពន្យារពេលបង់អគ្គិសនីបាន ដោយសារបញ្ហា២ចំណុច ទី១ មកពីកម្ពុជា ទិញអគ្គិសនីពីប្រទេសជិតខាងថៃ វៀតណាម ឡាវ ដែលគេមានសិទ្ធកាត់ផ្ដាច់ភ្លើងពីកម្ពុជាភ្លាមៗ បើរដ្ឋគ្មានប្រាក់បង់ទៅគេ។ ចំណែកទីពីរ នៅពេលដែលរដ្ឋប្រទេសទាំងនោះ ផ្ដាច់ភ្លើងពីកម្ពុជាហើយ គេពិន័យជាការប្រាក់ទៅទៀត នូវលុយដែលជំពាក់ ដូច្នេះវាទៅជាមហន្តរាយជាតិទាំងមូល ៕