ខកខានច្រើនខែហើយដែលមិនបានញ៉ាំអាហារបែបនេះ។ ដូច្នេះបងប្អូន ពិសេសយុវវ័យដែលចូលចិត្តញ៉ាំសាច់ជ្រូកបំពង ផ្ទាប់ជាមួយបន្លែហើយជ្រលក់ទឹកជ្រលក់ហឹរៗ ជូរប្រៃៗ កុំថាឡើយតែឃើញសូម្បីតែនិយាយក៏ស្រក់ទឹកមាត់ដែរ អ៊ីចឹងចាំអង្កាល់ទៀត សាកធ្វើទាំងអស់គ្នា។ ចង់ប្រាប់ថា Admin បានសាកធ្វើរួចហើយ រសជាតិម៉ាអេម កប់សារី។

១. គ្រឿងផ្សំ៖
-សាច់ជ្រូកបីជាន់ ១ គីឡូ
-ក្រូចឆ្មា ១ផ្លែ
-ម្សៅស៊ុប ម្រេច ស្ករ ម្ទេស

២. វិធីធ្វើ៖
ជំហានដំបូង អ្នកត្រូវច្របាច់ក្រូចឆ្មាមួយចំហៀងលើសាច់ជ្រូកដើម្បីឲ្យស្បែកជ្រូកមិនស្វិត និងស្រួយឆ្ងាញ់។ បន្ទាប់មក ដាក់ខ្ទះលើចង្ក្រានឲ្យក្ដៅសិន ចាំដាក់ប្រេងចូល។ ប្រើភ្លើងល្មម រួចដាក់សាច់ជ្រូកចូលក្នុងខ្ទះ។ បំពងសាច់ជ្រូកឲ្យស្រួយឡើងក្រហមល្អ សឹមលើកចេញពីខ្ទះ។ ទុកសាច់ជ្រូកឲ្យត្រជាក់បន្តិច សឹមហាន់ជាចំណិតៗ។ រៀបចំធ្វើទឹកជ្រលក់ដោយដាក់ស្ករសបន្តិច ទឹកក្រូចឆ្មាបន្តិច ម្ទេស ម្សៅស៊ុប និងម្រេចលាយគ្នាឲ្យសព្វ។ រួចហើយ អ្នកអាចដាក់បន្លែខ្លះដើម្បីញ៉ាំជាមួយសាច់ជ្រូកបំពងលាយទឹកជ្រលក់នេះ យ៉ាងឈ្ងុយឆ្ងាញ់ពិសា៕