ខេត្តកណ្តាល៖ គិតត្រឹមរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យ និងអាជ្ញាធរខេត្តកណ្តាល បានរកឃើញបងប្អូនអាជីវករលក់ដូរផ្សារពហុកីឡដ្ឋាន(តារាងបាល់)ក្រុងតាខ្មៅ ចំនួន១៨ នាក់ហើយ ដែលបានឆ្លងជំងឺកូវីដ-១៩ តែយ៉ាងណា អាជ្ញាធរមិនទាន់មានការបិទផ្សារនោះទេ។

ក្នុងឱកាសចុះសួរសុខទុក្ខ បងប្អូនអាជីវករ ដែលកំពុងលក់ដូរក្នុងផ្សារកីឡដ្ឋានក្រុងតាខ្មៅ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានឲ្យដឹងថា អាជ្ញាធរបានរកឃើញបងប្អូនអាជីវករលក់ដូរនៅក្នុងផ្សារពហុកីឡដ្ឋានក្រុងតាខ្មៅ ចំនួន១៨នាក់ហើយ ដែលវិជ្ជមានជំងឺកូវីដ១៩ គិតត្រឹមម៉ោង១រសៀលថ្ងៃនេះ។

ជាមួយគ្នានោះដែរ លោកអភិបាលខេត្ត បានណែនាំដល់បងប្អូនអាជីវករ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពាក់ម៉ាសជាប្រចាំ លាងសម្អាតដៃជាមួយអាល់កុល នៅពេលចាប់ ឬកាន់របស់អ្វីមួយ ពិសេសនៅពេលទទួលប្រាក់ពីអ្នកទិញ។ ចំពោះអាជ្ញាធរដែលកំពុងប្រចាំការនៅទីនោះ ត្រូវធ្វើការពិនិត្យវាស់កម្តៅ បាញ់អាល់កុលជាប្រចាំ មុនពេលបងប្អូនប្រជាពលរដ្ឋចូលទិញម្ហូបអាហារនៅក្នុងផ្សារ។

សូមបញ្ជាក់ថា ផ្សារបណ្តោះអាសន្នសម្រាប់ផ្គត់ផ្គង់បន្លែ ត្រី សាច់ ជូនដល់បងប្អូនប្រជាពលរដ្ឋ រស់នៅក្រុងតាខ្មៅ មិនមានការបិទផ្អាកដំណើរការនោះទេ ទោះបីជាក្រុមគ្រូពេទ្យ និងអាជ្ញាធររកឃើញករណីវិជ្ជមានជំងឺកូវីដលើអាជីវករ និងអ្នកអូសរទេះ ចំនួន១៨នាក់ក្តី៕