រាជធានីភ្នំពេញ÷ រដ្ឋបាលខេត្តព្រះសីហនុសម្រេចបិទខ្ទប់ក្រុងព្រះសីហនុ រយៈពេល១សប្តាហ៍បន្តទៀត បន្ទាប់ពីលទ្ធផលតេស្តលើកទី២ នៅក្នុងតំបន់ក្រហមនៅតែបន្តមានអ្នកវិជ្ជមាន។

នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សាបន្តបិទខ្ទប់ភូមិសាស្ត្រក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: ដោយមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍កិច្ចប្រជុំមានរបៀបវារ:ចំនួន៣ ទី១តំបន់បិទខ្ទប់ ២.ប៉ុស្តិ៍ត្រួតពិនិត្យសុខភាព ៣.ការចែកស្បៀងជូនប្រជាពលរដ្ឋតំបន់បិទខ្ទប់។

លោក គួច ចំរើន បានបន្តថារដ្ឋបាលខេត្តបានបង្កើតក្រុមការងាររកសំណាកជាបីក្រុម៖ ក្រុមទី១.យកសំណាកប្រជាពលរដ្ឋនៅតំបន់ក្រហម ពិសេសបងប្អូនអាជីវករលក់ដូរក្នុងផ្សារ ក្រុមទី២.យកសំណាកក្រុមគ្រួសារបងប្អូនអាជីវករនិងក្រុមទី៣.ការយកសំណាកនៅវិមានឯករាជ្យស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ។ ជម្រុញការត្រួតពិនិត្យសុខភាពបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរនៅតាមចំណុចគោលដៅព្រំប្រទល់រាជធានី-ខេត្ត។ ការងារចែកអំណោយជូនប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់ក្នុងក្រុងព្រះសីហនុ ដោយស្នើសុំទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចំនួន ៣០.០០០កញ្ចប់ មានដូចជា អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៉ីវ និងទឹក បរិសុទ្ធ យើងបានចែកជូនប្រជាពលរដ្ឋតំបន់បិទខ្ទប់បានជិត ៣០.០០០គ្រួសារ ដែលមានក្រុមការងារចំនួន១៦ក្រុម ចុះចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់។

ក្នុងឱកាសនោះ លោកគួច ចំរើន ក៏បានធ្វើការណែនាំអ្នកក្រុមគ្រូពេទ្យត្រូវត្រួតពិនិត្យតាមដានអ្នកជំងឺជាប់ជាប្រចាំ និងតាមដានអ្នកជំងឺជាសះស្បើយ ព្រោះបច្ចុប្បន្នខេត្តព្រះសីហនុ មានម៉ាស៊ីនតេស្តរកវីរុសកូវីដ-១៩ ពិសេសការតេស្តដោយ Rapid Test ដែលរង់ចាំរយ:ពេលពី១៥ ទៅ ២០នាទីតែប៉ុណ្ណោះ។

ក្នុងតំបន់បិទខ្ទប់អនុញ្ញាតឱ្យប្រជាពលរដ្ឋលក់ដូរនៅតាមផ្ទះ ដូចជាគ្រឿងឧបភោគបរិភោគ(សម្រាប់ប្រជាពលរដ្ឋដែលបានធ្វើតេស្តរកមេរោគកូវីដ-១៩ អវិជ្ជមាន២ដង និងមានលិខិតបញ្ជាក់ពីមន្ទីរសុខាភិបាលខេត្ត) ដោយឡែកក្រៅតំបន់បិទខ្ទប់ ប្រជាពលរដ្ឋអាចលក់ដូរបានតែត្រូវគោរពតាមស្តង់ដារ វិធានសុវត្ថិភាពជាចំបង ដូចជា ការពាក់ម៉ាស ការរក្សាគម្លាតសុវត្ថិភាព -ល-។ បន្តរឹតបណ្តឹងអ្នកដែលមិនពាក់ម៉ាស និងរក្សាគម្លាត ដោយធ្វើការផាកពិន័យតាមការណែនាំរបស់ក្រសួងសុខាភិបាល។

អង្គប្រជុំបានសម្រេចបន្តរក្សាតំបន់បិទខ្ទប់ និងតំបន់ក្រហម ក្នុងក្រុងព្រះសីហនុ រយៈពេល ១សប្តាហ៍បន្ថែមទៀត ដោយសារមូលហេតុលទ្ធផលនៃការយកសំណាកពីសមាជិកក្រុមគ្រួសាររបស់ប្រជាពលរដ្ឋលើកទី២ និងប្រជាពលរដ្ឋ ដែលរស់នៅតំបន់ក្រហម នៅតែបន្តរកឃើញមានវិជ្ជមានកូវីដ-១៩ នៅឡើយ៕