បរទេស៖ ​រថភ្លើងមួយខ្សែ កំពុងដឹកអ្នកដំណើរ ស្រាប់តែបានជួបនឹងហេតុការណ៍ដ៏អាក្រក់មួយបាក់រលំស្ពានអាកាស បណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួសជិត៨០នាក់ នៅភាគខាងត្បូង នៃប្រទេសម៉ិកស៊ីក កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ (វេលានៅប្រទេសម៉ិកស៊ិក)។

​ទីភ្នាក់ងារព័ត៌មាន​ស៊ីនហួ​ គ្រប់គ្រងដោយរដ្ឋចិន បានចេញផ្សាយ នៅថ្ងៃទី​៤ ខែឧសភា ឆ្នាំ២០២១ ​ថា ហេតុការណ៍ដ៏អាក្រក់បាក់រលំ​ផ្លូវរថភ្លើងលើអាកាស បានកើតឡើង នៅក្នុងទីក្រុងម៉ិក​ស៊ីក ភាគខាងត្បូង ប្រទេសម៉ិក​ស៊ីក ដោយបានបណ្ដាលឲ្យអ្នកដំណើរ នៅក្នុងរថភ្លើង ចំនួន១៣នាក់ស្លាប់ និង​៧០នាក់ផ្សេងទៀតរងរបួស។

លោក Alfonso Suarez del Real មន្រ្ដីជាន់ខ្ពស់ក្រុងម៉ិកស៊ីក បានថ្លែងទៅកាន់អ្នករាយការណ៍ព័ត៌មាន កាលពីយប់ ថ្ងៃទី៣ ខែឧសភា ​(វេលានៅអាមេរិកខាងជើង) ថា ក្រោយពេលមានហេតុការណ៍នេះកើតឡើង ក្រុមអ្នកជួយសង្គ្រោះបានទៅកាន់កន្លែងកើតហេតុ ដើម្បីជួយសង្គ្រោះដល់ជនរងគ្រោះ ដែល​កំពុងជាប់ នៅក្នុងទូ​រថភ្លើង៕