យោងតាមទូរទស្សន៍ជាតិកម្ពុជាមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ឯកឧត្តម ហុក គឹមចេង បានបញ្ជាក់ថា មូលហេតុដែលធ្វើឲ្យតួលេខនៃឆ្លងមានការកើនឡើង គឺដោយសារប្រើម៉ាស៊ីនតេស្តរហ័ស SARS-CoV-2 Rapid Antigen Test ទៅលើអ្នកសង្ស័យថា មានផ្ទុកជំងឺកូវីដ-១៩ មានសមត្ថភាពអាចរកឃើញអ្នកមានវិជ្ជមាន ឬអវិជ្ជមានក្នុងរយះពេល១៥នាទី ក្រោយធ្វើតេស្តរួច និងបានបញ្ជូនវត្ថុសំណាកទៅមន្ទីរពិសោធន៍។

ឯកឧត្តមបានបញ្ជាក់ថា ប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហមគឺជាតំបន់ហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ១៩នេះ។ ម៉្យាងទៀត ដោយសាររាជរដ្ឋាភិបាល ពិសេសអាជ្ញាធរចេញវិធានការបិទខ្ទប់តំបន់មានហានិភ័យខ្ពស់បានទាន់ពេលវេលា ទើបយើងអាចមានលទ្ធភាពតេស្តរកអ្នកវិជ្ជមានជំងឺកូវីដ-១៩ ដើម្បីកាត់ផ្ដាច់ខ្សែចម្លងវីរុសកូវីដ-១៩ ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត។

គួររំលឹកផងដែរថា រហូតដល់ ថ្ងៃទី ៣ ឧសភា ២០២១ មានអ្នកជំងឺកូវីដសរុបចំនួន១៥៣៦១នាក់ សម្រាកព្យាបាល ៩៨១៨នាក់ ជាសះស្បើយ ៥៤៣០នាក់ និងស្លាប់១០៦នាក់ហើយ។ ចំនួនឆ្លងប្រចាំថ្ងៃនៅតែមានការកើនឡើងច្រើន ដូច្នេះសូមពលរដ្ឋខ្មែរទាំងអស់គ្នាការពារខ្លួនឱ្យបានល្អ និងកុំភ្លេចអនុវត្តវិធានការ៣កការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា៕