បរទេស៖ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ នៅក្នុងប្រទេសថៃ មានអ្នកស្លាប់ថ្មី ចំនួន២៧នាក់ និងករណីឆ្លងថ្មីចំនួន ១៧៦៣នាក់។​

ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍រាល់ថ្ងៃ សូមចូលទៅកាន់ Channel Telegram KBN News

មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ (CCSA) បានចេញរបាយការណ៍របស់ខ្លួន នៅថ្ងៃទី៤ ខែឧសភា ថា ថៃរកឃើញករណីឆ្លងថ្មី ចំនួន ១ ៧៦៣នាក់ និងករណីស្លាប់ថ្មី ២៧នាក់។​ ក្នុងចំណោមអ្នកជំងឺកូវីដ-១៩ដែលស្លាប់ទាំងនោះ រួមមាន ៨នាក់ នៅក្នុងក្រុងបាងកក, ៥នាក់ នៅខេត្ត ​Nonthaburi, ​ខេត្ត Samut Prakan ស្លាប់២នាក់ និងខេត្ត Lamphun ស្លាប់២នាក់ ហើយខេត្ត​ Chonburi, Ubon Ratchathani, Pathum Thani, Nakhon Pathom, Buri Ram, Surat Thani, Nakhon Si Thammarat, Chainat, Nan និងខេត្ត Kamphaeng Phet មានអ្នកជំងឺកូវីដស្លាប់ម្នាក់ ក្នុងមួយខេត្ដ។​

មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ បានបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មី ទាំង ១ ៧៦៣នាក់នោះ ភាគច្រើន នៅក្នុងទីក្រុងបាងកក និងខេត្តសមុទ្រប្រាកាន។ គិតត្រឹមវេលាខាងលើនេះ ថៃមានអ្នកឆ្លងសរុប ៧២ ៧៨៨នាក់។ ក្នុងចំណោមអ្នកជំងឺកូវីដ-១៩ទាំងនោះ មានអ្នកព្យាបាលជាសះស្បើយ ចំនួន៤២ ៤៧​៤នាក់ និងកំពុងសម្រាកព្យាបាល ចំនួន ៣០ ០១១នាក់។ ដោយឡែកអ្នកជំងឺកូវីដ-១៩ចំនួន ៣០៣នាក់ផ្សេងទៀត បានស្លាប់។

គិតត្រឹម ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ថៃបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន ចំនួន ១ ៤៩៨ ៦១៧នាក់។​ ក្នុងនោះអ្នកចាក់ដូសទី១ ចំនួន ១ ០៩៩ ៤៦០ និងអ្នកចាក់ដូសទី២ ចំនួន ៣៨៧ ៤៤៧។​ ថៃទទួលបានវ៉ាក់សាំង ​Sinovac របស់ចិន និង AstraZeneca របស់អង់គ្លេស-ស៊ុយអ៊ែត ហើយថៃនឹងចាក់វ៉ាក់សាំង​ Sinovac ឲ្យបាន៣,៥លានដូស នៅក្នុងខែនេះ។​

លោកវេជ្ជបណ្ឌិត  Yong Poovorawan បានបញ្ជាក់ថា រដ្ឋាភិបាលថៃ មានគោលបំណងចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ យ៉ាងតិច១០លាននាក់ ក្នុង១ខែ ហើយឈានដល់ការចាក់វ៉ាក់សាំងយ៉ាងតិច៧០ភាគរយ នៃចំនួនប្រជាពលរដ្ឋទាំងអស់ នៅចុងឆ្នាំនេះ ដើម្បីបង្កើនភាពស៊ាំដ៏រឹងមាំ៕