បរទេស៖ អង្គការ ​Gavi ជាសម្ពន្ធមិត្តវ៉ាក់សាំង បានប្រកាស កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ថា Gavi បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុន Moderna សម្រាប់ទិញវ៉ាក់សាំងបង្ការកូវីដ-១៩ ចំនួន៥០០លាដនដូស ​ដើម្បីជួយដល់ប្រទេសក្រីក្រ តាមកម្មវិធី Covax ។

បើតាមគេហទំព័រ Gavi.org បានចេញផ្សាយ កាលពីថ្ងៃទី៣ ខែឧសភា ថា Gavi បានប្រកាសថា ខ្លួន​បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Moderna ដើម្បីទិញវ៉ាក់សាំងបង្ការកូវីដ-១៩​mRNA របស់ក្រុមហ៊ុននេះ។ ​កិច្ចព្រមព្រៀងនេះនឹងទិញវ៉ាក់សាំង ចំនួន៥០០លានដូស ​ក្នុងនាមកូវ៉ាក់ ( COVAX Facility) ។​

លោកវេជ្ជបណ្ឌិត Seth Berkley នាយកប្រតិបត្ដិ Gavi បានថ្លែងថា «យើងរីករាយខ្លាំងណាស់ ចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីជាមួយនឹងក្រុមហ៊ុន Moderna​ របស់អាមេរិក ដែលផ្តល់ឱ្យអ្នកចូលរួមជាមួយកម្មវិធី Covax ទទួលបានវ៉ាក់សាំង ប្រកបដោយ​ប្រសិទ្ធភាពខ្ពស់។ កិច្ចព្រមព្រៀងនេះនឹងមានផលបត្រចម្រុះ​ ជាគោលដៅស្នូល សម្រាប់ COVAX ហើយវា​អាចសម្របខ្លួនបាន ចំពោះមុខការរីករាលដាល នៃរោគរាតត្បាត ដែលកំពុងរីករាលដាលឥតឈប់ឈរ រួមទាំងការគំរាមកំហែងពីវីរុសបម្លែងខ្លួនថ្មីផងដែរ។ នេះជាកិច្ចព្រមព្រៀង​មួយជំហានបន្ថែមទៀត នៅក្នុងទិសដៅនេះ»។

វ៉ាក់សាំងរបស់ក្រុមហ៊ុន ​Moderna បានទទួលស្គាល់ពីអង្គការសុខភាពពិភពលោក ហៅកាត់ WHO ហើយក្រុមហ៊ុននេះអាចនឹងផ្គត់ផ្គង់ដល់បណ្ដាប្រទេសនានា ​ដែលចូលរួម នៅក្នុង Covax ដោយមានវ៉ាក់សាំង ចំនួន​៣៤លានដូស នៅក្នុងឆ្នាំ២០២១ និង៤៦៦លានដូស នៅក្នុងឆ្នាំ២០២២។​

លោក Stéphane Bancel នាយកប្រតិបត្ដិក្រុមហ៊ុន Moderna បានថ្លែងថា «ខ្ញុំសូមថ្លែងអំណរគុណ ចំពោះដៃគូ COVAX របស់យើង ចំពោះការងារដែលមិនចេះនឿយហត់របស់ពួកគេ ហើយក្រុមការងាររបស់ក្រុមហ៊ុន Moderna ទាំងមូល បាន​សហការគ្នា ​រហូតមាន​កិច្ចព្រមព្រៀងនេះ។ នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលយើងធ្វើការ ដើម្បីធានាថា ប្រជាជននៅជុំវិញពិភពលោក អាចទទួលបានវ៉ាក់សាំងបង្ការកូវីដ​-១៩របស់យើង» ។ «យើងទទួលស្គាល់ថា ប្រទេសជាច្រើនមានធនធានមានកំណត់ ក្នុងការទទួលបានវ៉ាក់សាំងបង្ការកូវីដ-១៩ ។ យើងគាំទ្រដល់បេសកកម្មរបស់ COVAX ដើម្បីធានាបាននូវការចាក់វ៉ាក់សាំងបង្ការកូវីដ​-១៩ ដែលមានតម្លៃសមរម្យ និងស្មើភាពគ្នា ហើយយើងនៅតែប្តេជ្ញាថា នឹងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីបញ្ចប់ការរាតត្បាត​កំពុងកើត​ជាមួយវ៉ាក់សាំង mRNA បង្ការកូវីដ​-១៩ របស់យើង។​

​កិច្ចសន្យាជាមួយក្រុមហ៊ុន Moderna របស់អាមរិក​​ បញ្ជាទិញ​នូវវ៉ាក់សាំង ចំនួន៥០០លានដូស សម្រាប់ចែកចាយដល់ប្រទេសមានចំណូលទាបនេះ គឺសង្ឃឹមថា កម្ពុជាយើងនឹងអាចទទួលបានផងដែរ​​ ចាប់ពីខែកក្កដាទៅ៕