បរទេស ៖ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នេះ សារព័ត៌មាន Reuters បានចេញផ្សាយថា កំពូលមហាសេដ្ឋី Bill Gates និងលោកស្រី Melinda Gates បានប្រកាសរួមគ្នាតាមរយៈគណនី Twitter របស់ពួកគេដោយសម្រេចបញ្ចប់អាពាហ៍ពិពាហ៍ បន្ទាប់ពីរស់នៅជាមួយគ្នារយៈពេល២៧ឆ្នាំ ដោយបញ្ជាក់ «បន្ទាប់ពីបានគិតគូរយ៉ាងហ្មត់ចត់ លើទំនាក់ទំនងរបស់យើង យើងបានសម្រេចចិត្តបញ្ចប់អាពាហ៍ពិពាហ៍របស់ពួកយើង»។

សូមបញ្ជាក់ថា លោក Bill Gates មានអាយុ៦៥ឆ្នាំ ជាម្ចាស់ក្រុមហ៊ុនយក្ស Microsoft និងលោកស្រី Melinda Gates អាយុ៥៦ឆ្នាំ។ លោក Bill Gates និងភរិយា បានបង្កើតអង្គការមនុស្សធម៌រួមគ្នា គឺមូលនិធិ Bill និង Melinda Gates កាលពីឆ្នាំ២០០០ ។ ចាប់តាំងពីពេលនោះមកមូលនិធិនេះ បានចំណាយថវិកាចំនួន៥៣,៨ពាន់លានដុល្លារ លើគំនិតផ្តួចផ្តើមជាច្រើនទាក់ទងនឹងសុខភាពពិភពលោក ការកាត់បន្ថយភាពក្រីក្រ និងសកម្មភាពការងារជាច្រើនទៀត ប៉ុន្តែគួរឲ្យស្តាយ ស្រាប់តែនៅពេលនេះ ជីវិតប្តីប្រពន្ធកំពូលមហាសេដ្ឋីលំដាប់ពិភពលោកនេះ បែរត្រូវបញ្ចប់ទៅវិញ ធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំង៕