និយាយពីរឿងនៅផ្ទះ មនុស្សម្នាក់ៗតែងតែគិតថានឹងមានពេលគ្រប់គ្រាន់ក្នុងការថែរក្សាសម្រស់របស់ខ្លួនឱ្យស្អាត ក៏ប៉ុន្តែមិនដូចការរំពឹងទុកនោះទេ ពេលមានពេលវេលានៅផ្ទះមែនទែន មនុស្សជាច្រើនបែរជាខ្ចិល ដល់ថ្នាក់អ្នកខ្លះសឹងតែទឹកមិនចង់ងូតផង។ នៅថ្ងៃនេះពួកយើងនឹងមកប្រាប់លោកអ្នកពីទម្លាប់ប្រចាំថ្ងៃដែលនឹងធ្វើឱ្យលោកអ្នកឆាប់ចាស់លឿន ដោយសារតែការមិនចិត្តទុកដាក់របស់លោកអ្នកតែម្ដង ហើយទម្លាប់ទាំងអស់នោះមានដូចជា ៖

១. ខ្ជិលងូតទឹក
ការងូតទឹក គឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់រាងកាយ ប្រសិនបើអ្នកគេងមួយយប់ហើយភ្ញាក់មកអ្នកមិនបានងូតទឹក នឹងធ្វើឱ្យអារម្មណ៍របស់អ្នកមិននោះទេ ជាពិសេសវាអាចនឹងធ្វើឱ្យអ្នកមានក្លិនខ្លួនមិនល្អទៀតផង។ ការងូតទឹកគឺជាជម្រើសទី១ល្អបំផុតដែលជួយជម្រះរាល់បាក់តេរីធូលី និង មេរោគ ផ្សែងពុលផ្សេងៗដែលមកទំលើស្បែករបស់អ្នក ដូចនេះប្រសិនបើអ្នកខ្ចិលក្នុងការងូតទឹក អាចនឹងធ្វើឱ្យស្បែក មានបញ្ហា ដូចជា រោលក្រហម កន្ទោលរមាស់ ស្បែកគ្មានសំណើម។

២. ងូតទឹកលឿនហួសហេតុពេក
ការងូតទឹក ប្រសិនបើអ្នកងូតលឿនៗពេកមិនមែនជាជម្រើសល្អនោះទេ ព្រោះអ្នកគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់ដុសក្អែល ធូលី និងបាក់តេរីផ្សេងៗ។ រឿងសំខាន់បំផុតគឺ អ្នកត្រូវតែដុសក្អែល បាក់តេរី ធូលី ឱ្យបានឈ្នះស្អាតពីរាងកាយរបស់អ្នក លើសពីនេះគឺការលាងសម្អាតផ្ទៃមុខតែម្ដង ប្រសិនបើអ្នកលាងប្រញាប់ប្រញាល់ពេក អាចនឹងមិនឈ្នះល្អនោះទេ ហើយបាក់តេរីដែលនៅសល់ នឹងបង្កឱ្យស្ទះរន្ធញើសបង្កើតជាមុនថែមទៀតផង។

៣.កុំរំលង Sunscreen,ឡេផ្ដល់សំណើម
ការលាបSunscreen គឺជារឿងសំខាន់បំផុតសម្រាប់ការពារស្បែកមុខ មិនថាអ្នកនៅក្នុងម្លប់ឬទាល់តែចេញទៅហាលថ្ងៃនោះទេ ។ Sunscreen គឺជួយទប់ស្កាត់ភាពជ្រីវជ្រួញនៃស្បែក និងបំបាត់ស្នាមអុជៗខ្មៅ ការពារពន្លឺព្រះអាទិត្យ ពន្លឺទូរសព្ទ ឬ ពន្លឺដែលជះពីកុំព្យូរទ័រជាដើម។ ជាមួយគ្នានេះ ការលាបផ្ដល់សំណើម គឺជាផ្នែកមួយដែលសំខាន់សម្រាប់ស្បែក ហើយអ្នកគួរតែលាបវាភ្លាមៗបន្ទាប់ពីងូតទឹករួច ដើម្បីការពារស្បែក ពីភាពស្ងួត និងក្រៀមគ្មានសំណើម។

៤.ញ៉ាំទឹកឱ្យបានច្រើន
ពេលនៅផ្ទះរឿងដែលងាយនឹងភ្លេចបំផុតនោះគឺ ការញ៉ាំទឹក ពីព្រោះអ្នកខ្លះ គឺអង្គុយតែធ្វើការ ឬ មមាញឹកការងារពេកលែងខ្វល់រឿងស្រេកទឹក ។ តែអ្នកត្រូវដឹងថា ការញ៉ាំទឹកមិនបានគ្រប់គ្រាន់ នឹងធ្វើឱ្យស្បែកអ្នកឆាប់ចាស់លឿនបំផុត ពីព្រោះស្បែកនឹងគ្មានសំណើម ងាយនឹងឆាប់ជ្រួញ ឡើងស្នាម និងបណ្ដាលឱ្យកើតមុនទៀតផង។

ដូចនេះ អំឡុងពេលនៅផ្ទះ សូមកុំមើលស្រាលកត្តាមួយចំនួនទាំងនេះ ព្រោះវាអាចនឹងធ្វើឱ្យស្បែករបស់អ្នកគឺឆាប់ចាស់លឿន ហើយអាចនឹងធ្វើឱ្យផ្ទៃមុខមានបញ្ហាទៀតផង ជាមួយគ្នានេះ សូមថែរក្សាសុខភាពនិងអនាម័យឱ្យបានល្អដើម្បីចៀសឆ្ងាយពីជំងឺទាំងអស់គ្នា៕