តារាចាស់វស្សា កញ្ញា ផនស្រីឃួច បច្ចុប្បន្នកំពុងតែទទួលបានប្រជាប្រិយភាពរឹងតតែខ្លាំង ខណៈដែលរូបរាងនិងសម្រស់រឹតតែស្រស់ស្អាតកាន់តែខ្លាំង ក៏ប៉ុន្តែខ្ញុំជឿថា បងប្អូនប្រហែលជាមិនដែលបានដឹងពីមុនមកទេ ថាតើតារាស្រីរូបនេះមានទិកនិកអ្វី ទើបថែរក្សាសម្រស់បានស្អាតបែបនេះ?

ដូចនេះ ប្រាប់បងប្អូនពីទិកនិកថែរក្សាស្បែករបស់ កញ្ញា ផនស្រីឃួច ដែលបងប្អូនមួយចំនួនមិនធ្លាប់ដឹង។ ជាការពិតណាស់ នៅក្នុងបទសម្ភាស តារាស្រីដ៏ល្បីក្នុងផលិតកម្មហង្សមាសរូបនេះ បានឱ្យដឹងថា សម្រាប់ការថែរក្សាស្បែក គឺកញ្ញា មានទម្លាប់មួយសំខាន់ គឺការស្ពុង ។

តារាចម្រៀងសម្លេងផ្អែមស្រទន់រូបនេះបានប្រាប់ថា គាត់តែងតែធ្វើការស្ពុងស្បែកទាំងស្បែកខ្លួន និងស្បែកមុខរបស់គាត់ ពោលគឺសម្រាប់គ្រឿងផ្សំគឺមានដូចជា ពន្លៃ រមៀត និងគ្រឿងផ្សំផ្សេងៗ ហើយធ្វើការស្ពុងពី១៥ ទៅ២០នាទី ដើម្បីឱ្យស្បែកបានបញ្ចេញជាតិញើស និងបណ្ដេញជាតិពុលពីក្នុងរាងកាយ លើសពីនេះការស្ពុងគឺ ជួយឱ្យស្បែកស្រស់ថ្លាពីខាងក្នុង។

កញ្ញា បញ្ជាក់ថាសម្រាប់ស្ពុងនេះ គឺកញ្ញាឆ្លៀតពេលធ្វើមួយអាទិត្យម្ដង ឬពេលខ្លះ មួយអាទិត្យ២ដងតែប៉ុណ្ណោះ ហើយបន្ទាប់ពីការស្ពុងរួចគឺ កញ្ញា ធ្វើការលាបឡេផ្ដល់សំណើមភ្លាមៗ ដើម្បីជួយឱ្យស្បែកមានសំណើម និងមិនបាត់បង់ជាតិទឹកពីក្នុងស្បែក។

ដោយសារ នៅពេលអ្នកស្ពុងស្បែកគឺ ក្នុងខ្លួនអ្នកត្រូវបាត់បង់ជាតិទឹកច្រើន ដូចនេះប្រសិនបើមិនបានធ្វើការផ្ដល់សំណើមភ្លាមៗបន្ទាប់ពីស្ពុងនោះទេ គឺអាចធ្វើឱ្យស្បែកស្ងួត និងឆាប់ខ្សោះជាតិទឹក ក្រៅពីនេះ ដើម្បីឱ្យស្បែកកាន់តែមានជាតិសំណើមខ្ពស់ គឺត្រូវញ៉ាំទឹកឱ្យបានច្រើន ហើយទៀតសោតការញ៉ាំទឹក គឺគួរតែញ៉ាំ៥នាទីម្ដង កុំព្យាយាមញ៉ាំទឹកច្រើនបង្ខំ ព្រោះក្រោយពេលញ៉ាំគឺអាចធ្វើឱ្យយើងឆ្អល់ពោះ ដូចនេះ ញ៉ាំសន្សឹម ប៉ុន្តែញ៉ាំឱ្យបានញឹកញាប់។

គួរបញ្ជាក់ថា នេះគឺជាទិកនិកក្នុងការថែក្សាតាមបែបធម្មជាតិដែលកញ្ញា ស្រីឃួចតែងតែធ្វើ ហើយនៅក្រោយភាពស្រស់ស្អាតទាំងនេះទៀត ពោលគឺ មានរបបអាហារផងដែរ ដូចជា ការញ៉ាំអាហារឱ្យបានត្រឹមត្រូវ អាហារដែលសម្បូរវីតាមីន ដូចជាបន្លែបៃតង ប៉េងប៉ោះ ត្រសក់ និង ផ្លែឈើដូចជាក្រូច ចេក ប៉ោម សារី ស្រកានាគ ស្វាយទុំ ទឹកដូង និងប្រភេទផ្លែឈើផ្សេងៗដែលងាយស្រួលរកនិងជាប្រភេទផ្លែឈើដែលសម្បូរជាតិវីតាមីនច្រើន និងប្រភេទប្រូតេអ៊ីនដែលជួយដល់ស្បែកផងដែរ។

ចុងក្រោយ កញ្ញា ផន ស្រីឃួច សូមធ្វើការផ្ដាំផ្ញើសម្រាប់បងប្អូនដែលជាអ្នកគាំទ្ររបស់កញ្ញាទាំងអស់គ្នា ឱ្យចេះស្រឡាញ់សុខភាព ទាំងសុខភាពស្បែកនិងសម្រស់ និងជាពិសេសក្នុងកំឡុងពេលកូវីដនេះ សូមឆ្លៀតពេលក្នុងការហាត់ប្រាណនិង ញ៉ាំអាហារល្អៗដើម្បីជួយឱ្យសុខភាពល្អ៕

ប្រភព៖ Healthy Cambodia