ជាការពិត អ្នកស្រាវជ្រាវនៅវិទ្យាស្ថានស្រាវជា្រវនយោបាយម្ហូបអាហារអន្តរជាតិ ជឿថា ចំណីអាហារអាស៊ីដែលភាគច្រើនប្រមូលផ្តុំនូវប្រភេទរុក្ខជាតិ ដែលជាគ្រាប់ ដូចជាគ្រាប់អង្ករ មើមដែលមានជាតិម្សៅ ដូចជាដំឡូង សណ្តែកកួរ សណ្តែកគ្រាប់ និងបន្លែផ្លែឈើដទៃមួយចំនួនទៀត សុទ្ធតែផ្តល់នូវសារធាតុការពារប្រឆាំងនឹងជំងឺធ្ងន់ធ្ងរជាច្រើន។ ខាងក្រោមនេះគឺជាទម្លាប់នៃការញ៉ាំម្ហូបអាហាររបស់អាស៊ីប្រកបដោយសុខភាពដែលអ្នកអាចអនុវត្តនៅថ្ងៃនេះ៖

១. ទទួលទានស៊ុបញឹកញាប់៖ សម្លភាគច្រើនដែលត្រូវបានធ្វើនៅផ្ទះរបស់ជនជាតិអាស៊ី ភាគច្រើនធ្វើពីឆ្អឹងមាន់ សាច់គោ ឬត្រី លាយជាមួយនឹងបន្លែផ្សេងៗ មិនថាជាប្រភេទស្លឹកដូចជាស្ពៃ ឬមើមឈូក។ ទឹកស៊ុបដែលចេញពីការលាយចម្រុះរវាងបន្លែ និងសាច់ផ្តល់ឲ្យអ្នកនូវវីតាមីន និងជាតិរ៉ែផ្សេងៗ ដែលត្រឹមតែប៉ុន្មានស្លាបព្រា ក៏អាចជួយឲ្យអ្នកឆ្អែតបានដែរ។ សម្លអាស៊ី ត្រូវបានគេជឿថាមានធាតុផ្សំជួយព្យាបាលជំងឺជាក់លាក់មួយចំនួនអាស្រ័យលើគ្រឿងផ្សំរបស់វា។ វាមិនត្រឹមតែផ្តល់នូវភាពស្រួលខ្លួនក្នុងកំឡុងពេលដែលអ្នកមានជំងឺដូចជាគ្រុនផ្តាសាយ ឬឈឺកនោះទេ ប៉ុន្តែវាថែមទាំងជួយពង្រឹងរាងកាយរបស់អ្នកពីភាពនឿយហត់ថែមទៀតផង។ ដូចជាតែក្តៅមួយពែង ឬស៊ុបក្តៅឧណ្ហៗមួយចាន នឹងជួយដំណើរការនៃការរំលាយអាហារបានយ៉ាងល្អ។

២. ញ៉ាំតាមរូបមន្ត 3:1 បន្លែ3សាច់1៖ 3:1 មានន័យថាចំនួនបន្លែ3ដងនៃសាច់។ នៅពេលដែលសាច់មានប្រូតេអ៊ីនខ្ពស់ វាមិនមែនជាជម្រើសដែលប្រកបដោយសុខភាពនោះទេ។ អាហារអាស៊ី រួមបញ្ចូលនូវតុល្យភាពនៃសាច់ និងបន្លែ ដែលផ្តល់នូវអាហារូបត្ថម្ភប្រចាំថ្ងៃដែលណែនាំតាមគំនូសអាហារជារាងពីរ៉ាមីត។

៣. ចានតូច និងចង្កឹះ៖ ចានតូច និងចង្កឹះមិនត្រឹមតែងាយស្រួលញ៉ាំនោះទេ ប៉ុន្តែពួកវាអាចជួយឲ្យអ្នកញ៉ាំអាហារតិចជាងធម្មតា។ ចង្កឹះ គឺជាវិធីមួយងាយស្រួលដើម្បីចៀសវាងការញ៉ាំច្រើន ហេតុនេះវាជួយបន្ថយការញ៉ាំច្រើន ឬញ៉ាំលឿនពេក(ដែលធ្វើឲ្យក្រពះរីកធំ)។ ការញ៉ាំយឺតៗក៏ជួយឲ្យមានសុខភាពល្អដែរ ព្រោះវាជួយបន្ថយកម្រិតគ្លុយកូសក្នុងឈាម ដែលបញ្ចេញដោយរាងកាយក្នុងពេលដំណើរការរំលាយអាហារ។

៤. ការលាយជាមួយនឹងបាយ៖ បាយគឺជាអាហារចម្បងនៅក្នុងម្ហូបអាស៊ី។ វាសឹងតែមិនអាចទៅរួចទេដែលគ្មានបាយនៅក្នុងអាហារ! ការជ្រើសរើសប្រភេទបាយដើម្បីញ៉ាំ នឹងជួយផ្តល់នូវអាហារូបត្ថម្ភជាច្រើនដល់រាងកាយអ្នក។ អង្ករដំណើបខ្មៅ អង្ករដំណើបស្វាយ អង្ករសំរូប អង្ករក្រហម មានអាហារូបត្ថម្ភច្រើនជាងអង្ករខ្សាយ ដែលមានជាតិម្សៅតិច ហេតុនេះអ្នកនឹងទទួលទានស្ករតិច និងកាឡូរីទាប។

៥. អាហារសមុទ្រ៖ ការស្រាវជ្រាវបានគាំទ្រអាហារអាស៊ីដែលទទួលទានត្រីជាប្រចាំ។ ត្រីផ្តល់នូវជាតិខ្លាញ់ល្អក្នុងកម្រិតខ្ពស់ និងប្រូតេអ៊ីនសាច់ដែលគ្មានខ្លាញ់ ។ មិនថាចៀន ចំហុយឬចម្អិនក្នុងការី អ្នកសុទ្ធតែអាចដាក់ត្រីបាន!

៦. រុក្ខជាតិ និងគ្រឿងទេស៖ គ្រឿងទាំងនេះមិនត្រឹមតែធ្វើឲ្យម្ហូបមានរសជាតិកាន់តែឆ្ងាញ់នោះទេ វាថែមទាំងត្រូវគេស្គាល់ថាជាគ្រឿងដែលអាចកាត់បន្ថយជំងឺមួយចំនួនហើយជួយឲ្យអ្នកមានសុខភាពល្អផងដែរ។

ទម្លាប់ញ៉ាំម្ហូបអាស៊ី ទាក់ទងនឹងការបង្កើតឲ្យមានតុល្យភាពអាហារបានល្អ ស្រដៀងគ្នានឹង យីននិងយ៉ាងដែរ។ ម្ហូបអាស៊ី មិនគ្រាន់តែសំដៅដល់អ្វីដែលអ្នកទទួលទាននោះទេ ប៉ុន្តែថែមទាំងបង្ហាញពីរបៀបដែលអ្នកទទួលទានផងដែរ។ យើងដឹងហើយថាការយល់ដឹងពីសុខភាពល្អ និងការរស់នៅសុខសប្បាយ គឺមិនមែនមានតែអាហារម្យ៉ាងនោះទេ ប៉ុន្តែរួមទាំងការធ្វើលំហាត់ប្រាណដូចជាហាត់យោហ្គា និងតៃជិថែមទៀត។ ប្រហែលជាយើងអាចចាប់ផ្តើមដោយមកទម្លាប់ទទួលទានអាហារសុខភាពទាំងនេះ ដែលជាជំហានដំបូងដើម្បីរស់នៅជីវិតកាន់តែសកម្មនិងមានសុខភាពល្អ៕