នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ គិលានុប្បដ្ឋាយិកាម្នាក់នៅមន្ទី Tan Tock Sengបានធ្វើតេស្តរកឃើញជំងឺកូវីដ បើទោះបីជាគាត់បានទទួលវ៉ាក់ស៊ាំងកូវីដ២ដងរួចមកហើយក៏ដោយ នេះបើយោងតាមចុះផ្សាយរបស់CNA ។

យោងតាមសារព័ត៌មានCNAបានឱ្យលម្អិតថា គិលានុបដ្ឋាយិការូបនេះបានទទួលវ៉ាក់ស៊ាំង២ដងរួចមកហើយ កាលពីថ្ងៃទី២៦ខែមករា និង លើកទី២នៅថ្ងៃទី១៨ខែកុម្ភៈ។ បើទោះបីជាយ៉ាងណាក៏ដោយ ក្រសួងសុខាភិបាល(MOH)បាននិយាយថា វ៉ាក់ស៊ាំងកូវីដ១៩ មានប្រសិទ្ធភាពអាចការពាររោគសញ្ញាចំពោះអ្នកដែលបានចាក់វ៉ាក់ស៊ាំងភាគច្រើន ប៉ុន្តែវាក៏អាចទៅរួចផងដែរសម្រាប់ការឆ្លង បើទោះបីជាអ្នកចាក់វា២ដងរួចហើយក៏ដោយ។

គួរបញ្ជាក់ឱ្យកាន់តែច្បាស់ថា នេះមិនមែនជាករណីលើកដំបូងនោះទេ ដែលមានអ្នកទទួលវ៉ាក់២ដងហើយនៅតែឆ្លងនោះ កាលពីដើមខែមេសានេះ ក៏មានករណីបុរសម្នាក់បានរកឃើញឆ្លងកូវីដផងដែរ បន្ទាប់ពីគាត់បានទទួលវ៉ាក់ស៊ាំង២ដងរួចហើយ ។ MOH បានបន្ថែមថា ចំពោះករណីនេះកើតឡើងដំបូងបង្អស់ គឺជនជាតិឥណ្ឌា ដែលមានអាយុ២៣ឆ្នាំបានឆ្លងកូវីដបន្ទាប់ពីបានចាក់វ៉ាក់ស៊ាំងរួច២ដងហើយ។

ចំពោះករណីស្រដៀងគ្នានេះដែរ មនុស្ស៣នាក់ក្នុងចំណោមមនុស្ស៥០០០នាក់ នៅអាមេរិកបានរកឃើញឆ្លងកូវីដ ទោះបីពួកគេបានចាក់វ៉ាក់ស៊ាំងការពារហើយក៏ដោយ។ លោកសាស្រ្តាចារ្យផ្នែកជំងឺឆ្លង Hsu Li Yang នៅសិង្ហបុរីបានមានប្រសាសន៍ថា ទោះបីវ៉ាក់ស៊ាំងដែលកំពុងប្រើប្រាស់នេះ(mRNA) មានប្រសិទ្ធភាពខ្ពស់ក្នុងការពាររោគសញ្ញាកូវីដ១៩ រហូតដល់៩៥% ក៏ប៉ុន្តែករណីនេះ គឺនៅតែអាចកើតមាន។

ឆ្លៀតក្នុងឱកាសនេះ ក៏សូមក្រើនរំលឹកដល់បងប្អូនប្រជាជនខ្មែរឱ្យបានជ្រៀបកាន់តែច្បាស់ថា បើទោះបីជាបានទទួលវ៉ាក់ស៊ាំងការពារលើកទី១ ឬលើកទី២រួចហើយក៏ដោយ ក៏ប៉ុន្តែសូមកុំភ្លេចខ្លួនឱ្យសោះ ត្បិតករណីនេះវាកម្រនឹងកើតឡើងក៏ពិតមែន ក៏ប៉ុន្តែវាក៏អាចនឹងកើតឡើងប្រសិនបើយើងធ្វេសប្រហែស ហេតុដូចនេះ សូមបន្តការពារឱ្យបានខ្ជាប់ខ្ជួន និងអនុវត្តវិធានការ៣កុំ៣ការពារទាំងអស់គ្នា៕