មហារីកថ្លើម(HCC) ត្រូវបានចំណាត់ថ្នាក់លេខ៥នៃជំងឺមហារីកដែលជួបញឹកញាប់ក្នុងពិភពលោកទាំងមូល និងមានអត្រាស្លាប់ខ្ពស់។
ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត ហាក់ ចាន់ភក្ដី ឯកទេស ថ្លើម ក្រពះ ពោះវៀន សព្វថ្ងៃបម្រើការងារនៅមន្ទីរពេទ្យកាល់ម៉ែត ក៏ដូចជាមន្ទីរសំរាកព្យាបាល ឯកទេសអេគីប មានប្រសាសន៍ថា មូលហេតុរួមដែលបណ្ដាលឱ្យមានការក្រិនថ្លើម ការរលាកថ្លើមរ៉ាំរ៉ៃដូចជា អ្នកកជំងឺរលាកថ្លើមប្រភេទ (B និងC), ការពិសាគ្រឿងស្រវឹងរ៉ាំរ៉ៃ, មានជំងឺខ្លាញ់រុំថ្លើម, និងកត្តាហានិភ័យដែលបណ្ដាលឱ្យកើជំងឺក្រិនថ្លើមមួយចំនួនទៀតរួមមាន ជំងឺទឹកនោមផ្អែម និងការបរិភោគសារជាតិ Aflatoxin។

យ៉ាងណាមិញ បើយោងតាម Better Health បានបញ្ជាក់បន្ថែមថា មូលហេតុដែលបណ្ដាលឱ្យមានជំងឺក្រិនថ្លើម ឬរលាកថ្លើមរុំារ៉ៃរួមមាន៖
ការឆ្លងមេរោគរលាកថ្លើម
ការទទួលទាន់គ្រឿងស្រវឹង
ការប្រើប្រាស់សារធាតុគីមី និងប្រភេទថ្នាំឱសថបុរាណ
ថ្លើមត្រូវបានពុល ដោយសារការកើនឡើងនូវជាតិដែកច្រើន

ជាការពិតណាស់ លោកវេជ្ជបណ្ឌិត ហាក់ ចាន់ភក្ដី បានបញ្ជាក់ថា ការតាមដាន និងពិនិត្យសុខភាពថ្លើមជាប្រចាំ មានសារៈប្រយោជន៍ខ្លាំងណាស់ ជាពិសេសសម្រាប់អ្នកដែលមានបញ្ហារលាកថ្លើមរ៉ាំរ៉ៃ និងក្រិនថ្លើម។ ប៉ុន្តែយ៉ាងណាមិញ មហារីកថ្លើមនៅតែមានភាពកាចសាហាវ ព្រោះថាអ្នកជំងឺភាគច្រើនតែងមកពិគ្រោះ និងពិនិត្យក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលដុំមហារីកថ្លើមបានរីកធំ និងរីករាលដាលទៅហើយ ដូចនេះការព្យាបាលមានការពិបាកដែរ៕

គួរបញ្ជាក់ថា លោកវេជ្ជបណ្ឌិត ហាក់ ចាន់ភក្ដី បានបន្ថែមថា បើទោះបីវេជ្ជសាស្ត្រមានការជឿនលឿនយ៉ាងណាក្តី ការព្យាបាលទាមទារការចូលរួមពីសាមីខ្លួនផ្ទាល់ក្នុងការតាមដានពិនិត្យសុខភាពជាប្រចាំ ការលុបបំបាត់កត្តាហានិភ័យ និងការមកទទួលសេវាកម្មព្យាបាលទាន់ពេលវេលា និងក្នុងដំណាក់កាលដំបូង។

ជាចុងក្រោយ លោកវេជ្ជបណ្ឌិត ហាក់ ចាន់ភក្ដី បានផ្ដាំផ្ញើទៅកាន់អ្នកទាំងអស់គ្នាថា យើងត្រូវតែពិនិត្យសុខភាពឱ្យបានយ៉ាងហោចណាស់រៀងរាល់ ៦ខែ ទៅ ១ឆ្នាំម្ដង ព្រោះជំងឺរលាកថ្លើមនេះ គឺជាជំងឺស្ងប់ស្ងាត់ណាស់ វាមិនបង្ករោគសញ្ញាអ្វីទាំងអស់ អញ្ចឹងហើយទាមទារឱ្យបងប្អូនប្រជាពលរដ្ឋត្រូវតែពិនិត្យសុខភាពជាប្រចាំ៕