ដោយមើលឃើញថាក្នុងពេលបច្ចុប្បន្នមានមនុស្សជាច្រើនកំពុងមានបញ្ហាសុខភាព ដែលទាមទារឱ្យពួកគាត់ត្រូវតែតាមដានរាល់សកម្មភាពដែលកើតមានឡើងនៅក្នុងខ្លួនជាប្រចាំ ដើម្បីដឹងពីជំងឺដែលកើតឡើងនោះទៅព្យាបាលឱ្យទាន់ពេលវេលា។ ក្នុងនោះជំងឺចាល់ជាតិអាស៊ីតក៏កំពុងកើតឡើងចំពោះមនុស្សជាច្រើនផងដែរ។ ហើយខាងក្រោមនេះជារោគសញ្ញាដំបូងដែលបង្ហាញថាអ្នកកំពុងមានជំងឺមួយនេះហើយ។ រោគសញ្ញាបង្ហាញឱ្យឃើញដូចជា៖

១. ក្រហាយទ្រូងញឹកញាប់
ប្រសិនបើអ្នកមានទម្លាប់ក្រហាយទ្រូងច្រើនជាង ២ ដងក្នុងមួយសប្តាហ៍ឬជាញឹកញាប់នោះសបញ្ជាក់ថាអ្នកកំពុងមានបញ្ហាឡើងជាតិអាស៊ីតហើយ។ អាការៈដំបូងវាចាប់ផ្ដើមក្រហាយទ្រូង ក្ដៅៗទ្រូងបន្ទាប់ពីទទួលទានអាហាររួច។

២. ចង្អោរពេលព្រឹក
រាល់ព្រឹកក្រោយពីទទួលទានអាហាររួចជាតិអាស៊ីតនៅក្នុងក្រពះចាប់ផ្ដើមរើឡើងដែលជាហេតុនាំឱ្យអ្នកមានអាការៈចង្អោរៗ និងមានរសជាតិជូរមិនល្អនៅក្នុងមាត់របស់អ្នក។ ជាទូទៅកើតឡើងនៅពេលព្រឹកពីព្រោះវាមានគម្លាតរវាងអាហារពេលល្ងាចនិងអាហារពេលព្រឹកយូរពេក ។

៣. ក្អកស្ងួត
បន្ថែមពីលើការក្រហាយទ្រូងនិងមានចង្អោរនៅពេលព្រឹក ការក្អកក៏អាចបង្ហាញថាអ្នកកំពុងតែមានជាតិអាស៊ីតកើនឡើងផងដែរ។ អាការៈនេះវាបង្ហាញឱ្យឃើញមានសញ្ញាកើតឡើងនៅពេលយប់ ហើយជាលក្ខណៈក្អកស្ងួត។

៤. ឈឺពោះ
ការឈឺចាប់ដែលចាប់ផ្តើមឡើងនៃការចាល់ជាតិអាស៊ីតនៅក្នុងក្រពះគឺចាប់ផ្ដើមឈឺពោះ។ វាគឺរោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាទូទៅដែលបង្ហាញថាអ្នកកំពុងមានជាតិអាស៊ីតនៅក្នុងខ្លួន។ សញ្ញានេះជាសញ្ញាមួយដែលអ្នកគួរតែយកចិត្តទុកដាក់ឱ្យខ្ពស់។

៥. ដង្ហើមមិនល្អ
ថ្វីត្បិតតែអ្នកព្យាយាមដុះធ្មេញក្នុងមួយថ្ងៃពីរទៅបីដងក្ដី ប៉ុន្ដែអ្នកនៅតែទទួលបានក្លិនមាត់មិនល្អឬខ្យល់ដង្ហើមមិនល្អនោះអាចជាអ្នកមានបញ្ហាអាស៊ីតនៅក្នុងក្រពះហើយ។ ការចាល់អាស៊ីតបណ្តាលឱ្យអ្នកមានក្លិនស្អុយ និងខ្យល់ដង្ហើមមិនល្អ។

ប្រសិនបើអ្នកមានអាការៈដូចដែលរៀបរាប់ខាងលើ ហើយមានការសង្ស័យថានឹងកើតមានជំងឺចាល់ជាតិអាស៊ីតនេះ សូមអ្នកអ្នករួសរាន់ទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ចៀសវាងមានបញ្ហាកាន់តែធ្ងន់នៅថ្ងៃក្រោយ៕