ក្រៅពីក្បួនក្នុងការហាត់ប្រាណហើយ ការញុំាអាហារក្នុងពេលមួយនេះក៏មានសារៈសំខាន់ផងដែរ។ យោងតាមគេហទំព័រEatingwellបានឱ្យដឹងថាក្នុងអំឡុងនិងក្រោយពេលហាត់ប្រាណអ្នកគួរអនុវត្តតាមវិធីខាងក្រោយមនេះដូចជា៖

១. អំឡុងពេលហាត់ប្រាណ៖
ក្នុងអំឡុងពេលហាត់ប្រាណពិតជាមានសារៈសំខាន់ណាស់ក្នុងការរក្សាជាតិទឹកដើម្បីកុំឱ្យរាងកាយឆាប់អស់កម្លាំងនិងខ្សោះជាតិទឹក។ ទន្ទឹមនឹងការរក្សាបានជាតិទឹកនៅក្នុងខ្លួនហើយ វាក៏ជួយឱ្យអេឡិចត្រូលីតរបស់អ្នករក្សាបាននូវសាច់ដុំនឹងជួយបន្ថែមថាមពលក្នុងពេលហាត់ផងដែរ។ ដើម្បីទទួលបានជាតិទឹកក្នុងពេលហាត់ប្រាណអ្នកអាចញុំា៖

-ទឹកលាយទឹកឃ្មុំ៖ ដើម្បីបង្កើនថាមពលរបស់អ្នកក្នុងអំឡុងពេលហាត់ប្រាណអ្នកអាចយកទឹកឃ្មុំលាយជាមួយទឹក ឬម្ស៉ៅទឹកឃ្មុំឆុងជាមួយទឹកដើម្បីទទួលទានបាន។ ព្រោះទឹកឃ្មុំមានផ្ទុកទៅដោយកាបូននីដ្រាត ជាតិស្ករ fructose និងគ្លុយកូសជួយបង្កើនថាមពល និងជួយបំពេញជាតិទឹកបន្ថែមដល់រាងកាយរបស់យើងបានលឿន។

-ទឹកធម្មតា៖ ញុំាទឹកក្នុងអំឡុងពេលហាត់ប្រាណជួយអ្នកឱ្យហាត់ប្រាណបានយូរ និងជួយអ្នកបំពេញជាតិទឹកបង្កើនថាមពលដល់រាងកាយ។ ក្នុងពេលកំពុងតែហាត់ប្រាណអ្នកអាចបន្ថែមជាតិទឹកដោយការញុំាទឹក ប៉ុន្ដែទោះបីយ៉ាងណាសូមអ្នកញុំាវាឱ្យល្មមនិងកុំញុំាបង្ខំពេក។

២. ក្រោយពេលហាត់ប្រាណ
សូម្បីក្រោយពេលហាត់ប្រាណរួចក៏អ្នកគួរយកចិត្តទុកដាក់ចំពោះរាងកាយផងដែរ។ ក្រោយពីហាត់ប្រាណរួចអ្នកគួរតែបរិភោគស្តារឡើងវិញដោយផ្ដល់ថាមពលពីការញុំាចំណីអាហារ។ ដោយផ្ដល់ឱ្យរាងកាយនូវវីតាមីន ប្រូតេអ៊ីន សារធាតុចិញ្ចឹម ដែលមាននៅក្នុងបន្លែផ្លែឈើផ្សេងៗ។ ធ្វើបែបនេះដើម្បីការពាររាងកាយពីការអស់ថាមពល និងចៀសវាងនូវការរលាក។

ដូចនេះប្រសិនបើចង់ឱ្យមានប្រសិទ្ធភាពក្នុងអំឡុងនិងក្រោយពេលហាត់ប្រាណ អ្នកគួរតែអនុវត្ដនូវវិធីខាងលើនេះដើម្បីរាងកាយកាន់តែរឹងមាំ និងទទួលបាននូវសុខភាពល្អជាងមុន៕