នៅក្នុងស្ថានភាពនៃការរីករាលដាលនៃវីរុសកូរ៉ូណា ធ្វើឲ្យរដ្ឋាភិបាលតាមបណ្តាប្រទេសជាច្រើន សម្រេចដាក់ចេញវិធានការរឹតត្បឹតប្រជាពលរដ្ឋរបស់ខ្លួនមិនឱ្យចាកចេញពីផ្ទះ ឬ ពីតំបន់ណាមួយ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណាទៅកាន់តំបន់ផ្សេងៗទៀត ខណៈក្រុមហ៊ុន សាលារៀន និងកន្លែងជួបជុំ មួយចំនួន ក៏បានផ្អាកសកម្មភាពជាបណ្តោះអាសន្នផងដែរ។ ថ្មីៗនេះដែរ រាល់ការធ្វើដំណើរទៅក្រៅប្រទេស ឬពីបរទេសមកចូលប្រទេសវិញ អាជ្ញាធរបណ្ដាប្រទេសភាគច្រើន តម្រូវឱ្យធ្វើ ចត្តាឡីស័ក្តិ (Quarantine) រយៈពេលយ៉ាងតិច ១៤ថ្ងៃ។

១. ការថែទាំសុខភាពឲ្យបានល្អ៖ ការញ៉ាំអារហារដែលសំបូរជីវជាតិ, គេងឱ្យបានគ្រប់គ្រាន់ និង ហាត់ប្រាណជាប្រចាំ មិនត្រឹមតែជួយកាត់បន្ថយភាពតានតឹងប៉ុណ្ណោះទេ ថែមទាំងជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំរបស់អ្នកក្នុងការទប់ទល់ពីជំងឺខាងក្រៅទាំងឡាយផងដែរ។

២. ធ្វើសមាធិ៖ សមាធិ ជាប្រភពដែលធ្វើឲ្យអ្នកមានសុខភាពផ្លូវចិត្តរឹងមាំ អារម្មណ៍ស្រស់ថ្លា និង កាត់បន្ថយស្រេសយ៉ាងមានប្រសិទ្ធភាព។

៣. កំណត់ការតាមដានពត៌មាន៖ អ្នកត្រូវតាមដានពត៌មានដើម្បីដឹងពីស្ថានភាពពិត តែក៏មិនត្រូវតាមដានច្រើនហួសហេតុពេកដែរ វាអាចធ្វើឲ្យអ្នកមានអារម្មណ៍ភិតភ័យហួសពីស្ថានភាពពិតដែលកំពុងតែកើតឡើង។

៤. រក្សាទំនាក់ទំនងជាមួយអ្នកដទៃ៖ ពេលនេះជាពេលវេលាដែលអ្នកត្រូវប្រើប្រាស់បច្ចេកវិទ្យាដោយភាពឆ្លាតវៃ ដើម្បីរក្សាទំនាក់ទំនងឱ្យបានល្អជាមួយមិត្តភក្តិ គ្រួសារ មិត្តរួមការងារ ឬ សហគមន៍របស់អ្នកជាដើម។

៥. ទប់ទល់ជាមួយអារម្មណ៍តានតឹង៖ នៅពេលដែលអារម្មណ៍តានតឹងកើតមានឡើង អ្នកត្រូវតែចេះ គ្រប់គ្រង និង មានវិធីជាក់លាក់ដើម្បីដោះស្រាយវាដូចជា អានសៀវភៅ ស្តាប់ចម្រៀង សរសេរកំណត់ត្រា ឬអាចជជែកលេងជាមួយអ្នកដទៃតាមទូរស័ព្ទ ធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្រាល។

៦. បង្កើតកាលវិភាគប្រចាំថ្ងៃ៖ កុំឲ្យស្ថានភាពខាងក្រៅមកគ្រប់គ្រងអ្នក អ្នកត្រូវបង្កើតកាលវិភាគជាក់លាក់ដើម្បីគ្រប់គ្រងសកម្មភាពរបស់អ្នកវិញ។ កំណត់ឲ្យបានច្បាស់អំពីកិច្ចការប្រចាំថ្ងៃដែល អ្នកត្រូវសម្រេច។ ការគ្រប់គ្រងលើកិច្ចការប្រចាំថ្ងៃរបស់អ្នក ក៏ជាការគ្រប់គ្រងទៅលើភាពតានតឹង និង សុខភាពផ្លូវចិត្តរបស់អ្នកមួយកម្រិតដែរ៕