ខេត្តស្វាយរៀង៖ សមត្ថកិច្ចបានបង្រ្កាបលើមេខ្យល់នាំជនជាតិវៀតណាម និងជនជាតិចិនស្រីប្រុស ប្រហែល១៣០នាក់ ចេញពីប្រទេសវៀតណាម ឆ្លងដែនចូលមកកម្ពុជា ដោយខុសច្បាប់​តាម​ច្រកទ្វាព្រំដែនអន្តរជាតិបាវិត។

​ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា មេខ្យល់ជាជនជាតិចិន ចំនួន១១នាក់បានលួចនាំជនជាតិវៀតណាម និងជនជាតិចិន១១២នាក់ ចេញពីប្រទេសវៀតណាម ឆ្លងដែនដោយខុសច្បាប់ ចូលមកក្នុងក្រុងបាវិត។ ជនបរទេសទាំងនោះ ត្រូវបានគេនាំ​ឲ្យមកស្នាក់នៅក្នុងសណ្ឋាគារ «ផ្ទះល្វែងសណ្ឋាគារបួនរដូវ» ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិតខេត្តស្វាយរៀង មានម្ចាស់​ជនជាតិចិន ។

ប្រភពព័ត៌មានដដែល បានបន្ត​ថា ប្រតិបត្ដិការនេះ បានធ្វើឡើង ក្រោយពេល​សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀង និងកងរាជអាវុធហត្ថក្រុងបាវិត ចេញល្បាត ប្រទះឃើញជនជាតិវៀតណាម និងជនជាតិចិនស្រីប្រុស ប្រមាណជាង១០០នាក់ ​កំពុងចុះពីលើម៉ូតូ ដើរចូលទៅក្នុងសណ្ឋាគារ «ផ្ទះសំណាក់សណ្ឋាគារបួនរដូវ»។ ដោយមានការសង័្សយ ទើបនៅ​វេលាម៉ោង២រំលងអធ្រាត្រ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ចចម្រុះបានចេញបង្រ្កាប និង​ឃាត់ខ្លួនជនសង័្សយចំនួន១១នាក់ ជាជនជាតិចិន។ បន្ទាប់មក សមត្ថកិច្ចបាន​នាំពួកគេទៅសាកសួរ និងឆែកឆេរសណ្ឋាគារខាងលើ រកឃើញជនជាតិវៀតណាម និងជនជាតិចិនស្រី ប្រុស១១២នាក់ផ្សេងទៀត ដែល​ទើបនឹងឆ្លងដែនចេញពី​ប្រទេសវៀតណាម​ ដោយខុសច្បាប់ចូលមកក្រុងបាវិត ខេត្តស្វាយរៀង ប្រទេសកម្ពុជា។

ប្រភពព័ត៌មានដដែល បានបន្ដថា ជនបរទេសទាំងនោះ ត្រូវបានសមត្ថកិច្ចជំនាញយកសំណាក ទៅធ្វើតេស្ដស្វែងរកកូវីដ-១៩ និងដាក់ពួកគេទាំងអស់ឲ្យ​​ធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ នៅក្នុងសណ្ឋាគារ «ផ្ទះសំណាក់សណ្ឋាគារបួនរដូវ»​។

ដោយឡែកប្រភពព័ត៌មានផ្សេងទៀត បាន​ឲ្យដឹងថា ​ជនជាតិវៀតណាម និងជនជាតិចិនខាងលើនេះ ​ជាបុគ្គលិកកាស៊ីណូមួយ នៅក្នុងក្រុងបាវិត។ ពួកគេ​មួយចំនួនមានសៀវភៅការងារ មិនទាន់ហួសសុពលភាពនៅឡើយ។ នេះ​មានន័យថា ជនជាតិវៀតណាមទាំងនេះ​ធ្វើការ នៅកាស៊ីណូ ខណៈ​រាជរដ្ឋាភិបាលបិទកាស៊ីណូ ទើបជនជាតិវៀតណាមទាំងនោះបានត្រឡប់ទៅប្រទេសវៀតណាមវិញ។ លុះពេល​ឮរាជរដ្ឋាភិបាលប្រកាសបើកតំបន់ទេសចរណ៍ឲ្យដំណើការឡើងវិញ នៅទូទាំងប្រទេស ទើបជនជាតិវៀតណាម និងចិន​បានលួចឆ្លងដែន ចេញពីប្រទេសវៀតណាម ដោយខុសច្បាប់ ចូលមកក្នុងក្រុងបាវិត ដើម្បីចូលធ្វើការ នៅក្នុងកាស៊ីណូវិញ។ ​ប៉ុន្តែខណៈពួកគេចូលមកស្នាក់នៅក្នុងសណ្ឋាគារ ផ្ទះល្វែងសណ្ឌាគារបួនរដូវ ក៏ត្រូវកងរាជអាវុធហត្ថ ឃាត់សួរនាំ។

ប្រភពព័ត៌មានដដែល បានបន្ដថា ដោយសារ​​ម្ចាស់សណ្ឋាគារជាជនជាតិចិន ចំនួន១១នាក់ បានចេញមករារាំង ទើបមានការចាប់ខ្លួនបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង ដើម្បីសាកសួរ​តាមនីតិវិធី។ ជនបរទេសទាំងនោះ ត្រូវបានមន្រ្ដីជំនាញ​​ចុះទៅយកសំណាក នៅថ្ងៃទី២៨ ខែមេសា ២០២១ ហើយបានបញ្ជូន​ទៅធ្វើចត្តាឡីស័ក នៅផ្ទះសំណាក់គ្រូបង្រៀន រយៈ១៤ថ្ងៃ ដើម្បីតាមដាន និងទប់ស្កាត់ការឆ្លងកូវីដ-១៩ ឆ្លងចូល​សហគមន៍។

ទោះជាយ៉ាងណាពាក់ព័ន្ធនឹងករណីនេះ KBN កាលពីរសៀល ថ្ងៃទី២៨ ខែមេសា មិនអាចទាក់ទងសុំការបំភ្លឺពីសមត្ថកិច្ចបន្ថែមទៀតបានទេ៕​​