រាជធានីភ្នំពេញ (ប្រទេសកម្ពុជា) – ក្នុង​រយៈ​ពេល ២  សប្តាហ៍​កន្លង​មក​នេះ ព្រះ​រាជា​ណាចក្រ​កម្ពុជា​បាន​ធ្វើ​ការ​បិទ​ខ្ទប់​ជា​លើក​ដំបូង​ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​វីរុស​កូវីដ​-១៩។ កំលុង​ពេល​ដែល​ករណី​វិជ្ជមាន​កំពុង​កើន​ឡើង​ជា​លំដាប់ ការ​បិទ​ខ្ទប់​នេះ​គឺ​ពិត​ជា​ចាំបាច់​ណាស់​ដើម្បី​ការពារ​សុខភាព​របស់​ប្រជាពលរដ្ឋ​យើង។ ស្រប​ពេល​នេះ​ដែរ ការ​ផ្លាស់​ប្ដូរ​ទាំង​នេះ​បាន​កើត​ជា​ផល​រំខាន​ទៅ​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន។

អ្នក​ឧកញ៉ា គិត ម៉េង ​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​និង​ភរិយាខ្ញុំ ចំណាន បាន​ឃើញ​និង​ឮពី​ទុក្ខ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​នៃ​ការ​បិទ​ខ្ទប់​នេះ ហើយពួក​យើង​យល់​ច្បាស់​ពី​ផល​លំបាក​នេះ។ ខ្ញុំ​និង​គ្រួសារ​នឹង​ប្រឹង​ប្រែង​ឲ្យអស់​ពី​សមត្ថភាព​ដើម្បី​ជួយ​សហគមន៍​របស់​យើង​។»

ជា​ផ្នែក​មួយ​នៃ​ជំនួយ​នេះ អ្នក​ឧកញ៉ា គិត ម៉េង និង​ក្រុមគ្រួសារ​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ៥ ម៉ឺន​ដុល្លារ​ ទៅ​ដល់ ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​រៀប​ចំ​ជំនួយ​បន្ទាន់​ចាំ​បាច់​នានា។

អ្នក​ឧកញ៉ា គិត ម៉េង ក៏​បាន​មាន​ប្រសាសន៍​បន្ថែម​ថា៖ «​នេះ​គឺ​ជា​ពេលវេលា​របស់​យើង​ដើម្បី​រួប​រួម​គ្នា​និង​ប្រើប្រាស់​ស្មារតី​សហគមន៍​របស់យើង​ដើម្បី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ ភាព​អត់​ធ្មត់​និង​ជំនឿ​ជឿជាក់នឹង​ជួយ​ពួក​យើង​ឲ្យ​រួច​ផុត​ពី​សមរភូមិ​នេះ​។»

សាមគ្គីភាព​ជាតិ​គឺ​ជា​ការ​ជួយគ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​កំលុង​ពេល​វេលា​ដ៏​លំបាក​  ដូច​ប្រសាសន៍​ដ៏​ថ្លៃថ្លា​របស់សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ៕