ព្រៃវែង៖ ដោយយោងទៅតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្ត នៅក្នុងបរិបទនៃជំងឺកូវីដ ១៩ ដែលកំពុងតែមានការឆ្លង ក៏ដូចជាការបង្កើតគណៈកម្មការត្រួតពិនិត្យ និងតាមដានការងារពិន័យអន្តរការណ៍ ចំពោះបុគ្គលដែលមិនគោរពវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតក្នុងភូមិសាស្ត្រខេត្តព្រៃវែង រដ្ឋបាលស្រុកកំពុងត្របែកដែលមានលោក យ៉ាវ សានិន ដែលជាអភិបាលស្រុក និងលោកវរសេនីយ៍ឯក សួន សំអឿន អធិការនគរបាល ស្រុកកំពង់ត្របែក បានធ្វើការ អនុវត្តនូវអនុក្រឹត្យ លេខ ៥៧ របស់រាជរដ្ឋាភិបាល ក៏ដូចជាការអនុវត្តនូវការបង្កើតគណៈកម្មការត្រួតពិនិត្យតាមដានការពិន័យអន្តរការណ៍ចំពោះបុគ្គលដែលមិនគោរពវិធានការរដ្ឋបាលក្នុងការបង្ការការឆ្លងជំងឺកូវីដ19 របស់ខេត្ត ក៏បានធ្វើការផាកពិន័យដល់ មនុស្សចំនួន ៦ នាក់ដែលបានធ្វើសកម្មភាព ខុសពីអនុក្រឹត្យដែលបានចែងក៏ដូចជាបានផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋកន្លងមកនោះ។ 

ចំពោះការផាកពិន័យនេះ ដោយក្នុងម្នាក់ៗចំនួនទឹកប្រាក់ ២ លានរៀល ហើយក៏បានបញ្ជូនគាត់ទៅធ្វើចាក់តាឡីសក័នោះផងដែរ។ 

សូមស្តាប់ការលើកឡើងរបស់លោក យ៉ាវសានិន អភិបាលស្រុកកំពង់ត្របែក ដូចតទៅ….. 

សូមបញ្ជាក់ផងដែរថា៖ ចំពោះបុគ្គល ដែលប្រព្រឹត្តល្មើសនឹងអនុក្រឹត្យ របស់រាជរដ្ឋាភិបាល ទាំង ៦ នាក់នេះ គឺមិនមែនអ្នកមកពីបណ្ដាខេត្តដ៏ទៃ ឬមកពីទីក្រុងភ្នំពេញនោះទេ គាត់គឺជាអ្នកនៅក្នុងស្រុកជាមួយគ្នា ក៏ប៉ុន្តែគាត់បានឆ្លងពីឃុំមួយ ទៅឃុំមួយ ដើម្បីធ្វើការជួបជុំហូបចុក ដែលមានមនុស្សច្រើន។ 

លោកអភិបាលស្រុកក៏បានបញ្ជាក់ផងដែរថាចំពោះការ អនុវត្តនូវអនុក្រឹត្យនេះមិនមែន ធ្វើឡើងដោយមិនបានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋមុននោះទេគឺគាត់បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋជារឿយៗមកហើយក៏ប៉ុន្តែពួកគាត់នៅតែបន្តធ្វើល្មើសអនុក្រឹត្យទាំងអស់នេះ។ 

ក្នុងនោះលោកអភិបាលស្រុកក៏សូមអំពាវនាវនិងសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវ អនុវត្តទៅតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលដើម្បីចូលរួមអង្គការទប់ស្កាត់ទាំងអស់គ្នា នៃឆ្លងរាលដាលនៅជំងឺ កូវីត19នេះ៕