បើគ្មានអ្វីប្រែប្រួលនោះទេ មេដឹកនាំអាស៊ាននឹងបើកកិច្ចប្រជុំកំពូលរបស់ខ្លួននៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃទី២៤ មេសា ២០២១ស្អែកនេះ។

របៀបវារៈសំខាន់នៅក្នុងកិច្ចប្រជុំកំពូលខណៈប្រទេសអាស៊ានមួយចំនួនបាននិងកំពុងជួបនូវវិបត្តិនៃការរីករាលដាលធ្ងន់ធ្ងរពីជំងឺកូវីដ១៩ដូចជាកម្ពុជាជាដើមនោះ គឺពិភាក្សាលើបញ្ហានៃវិបត្តិក្នុងប្រទេសភូមា ក្រោយប្រទេសដែលមានអម្បូរប្រពៃណីទំនៀមទម្លាប់ប្រហាក់ប្រហែលនឹងខ្មែរ ថៃនិងឡាវនេះ កំពុងកើតកលិយុគ អំពើហិង្សាបាញ់សម្លាប់និងរត់ភៀសខ្លួន កើតចេញពីរដ្ឋប្រហារយោធា ។

ក្នុងកិច្ចប្រជុំដែលអវត្តមានប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ និងនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃស្អែកនេះ លោក មីន អ៊ុងឡាំង មេដឹកនាំនៃរបបសឹកភូមា ក៍ត្រូវបានអញ្ជើញឲ្យចូលរួម ហើយលោកក៍ត្រូវគេដឹងថា បានប្រកាសថានឹងចូលរួមដែរ ។ តើ មីន អ៊ុងឡាំង នឹងនិយាយអ្វីខ្លះទៅកាន់មេដឹកនាំអាស៊ាន ? ។

បើទោះបីជាចម្លើយនៃសំណួរនេះ មិនអាចនរណាដឹងមុនបានក្តី តែបើអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិមួយចំនួនដែលយល់ដឹងលើនយោបាយការទូត គឺ មីន អ៊ុងឡាំង គ្មានអ្វីលើកឡើងក្រៅតែពីនិយាយការពារខ្លួនដោយយកបញ្ហាច្បាប់និងនយោបាយផ្ទៃក្នុងខ្លួនដែលអាស៊ានមិនអាចលូកចូលកិច្ចការភូមាបានតាមធម្មនុញ្ញអាស៊ាន និងថារដ្ឋប្រហារធ្វើឡើងដើម្បីលទ្ធិប្រជាធិបតេយ្យ និងការរក្សាការពារអធិបតេយ្យជាតិភូមាមកដោះសារតែប៉ុណ្ណោះ ។

ចាប់តាំងពីក្រោយរដ្ឋប្រហារយោធាកាលពីថ្ងៃទី០១ កុម្ភៈ ២០២១មក ក្រុមបាតុករដែលទាមទារឲ្យរបបសឹកប្រគល់អំណាចឲ្យគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យដឹកនាំដោយលោកស្រី អ៊ុង សានស៊ូជី ដែលឈ្នះឆ្នោតកាលពីខែវិច្ឆិកា ២០២០ និងទាមទារសេរីភាពនិងប្រជាធិបតេយ្យយ៉ាងហោចណាស់ ៧៣៩នាក់ បានស្លាប់ រាប់រយនាក់រងរបួសធ្ងន់ស្រាល និងអ្នកនយោបាយរាប់សិបនាក់ត្រូវចាប់ខ្លួន ព្រមទាំងប្រជាពលរដ្ឋភូមាលើសពី២៥ម៉ឺននាក់ បានរត់ភៀសខ្លួន ៕