រាជធានីភ្នំពេញ៖ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩  ធនាគារអេស៊ីលីដា បានចេញសេចក្ដីប្រកាសក្នុងការឆ្លើយតបនឹងតម្រូវការចាំបាច់ និងបង្កភាពងាយស្រួលក្នុងការបម្រើសេវាកម្មហិរញ្ញវត្ថុជូនដល់អតិថិជន និងសាធារណជន ធនាគារ អេស៊ីលីដា ភីអិលស៊ី សូមលើកទឹកចិត្តដល់អតិថិជន​​ និងសាធារណជនទាំងអស់ មេត្តាប្រើប្រាស់សេវាស្វ័យប្រតិបត្តិការ តាមរយៈទូរស័ព្ទចល័ត (អេស៊ីលីដាម៉ូបាល) ម៉ាស៊ីនដកប្រាក់ និងដាក់ប្រាក់ស្វ័យប្រវត្តិ អេធីអឹម ២៤ម៉ោង/៧ថ្ងៃ ដើម្បីធានាសុវត្ថិភាព និងការពារហានិភ័យនានាជាយថាហេតុ ជំនួសការប្រើប្រាស់សេវាហិរញ្ញវត្ថុប្រចាំថ្ងៃ ដែលបម្រើតាមបញ្ជរនៅក្នុងតំបន់បិទខ្ទប់រាជធានីភ្នំពេញ។

ជាមួយគ្នានេះដែរ ធនាគារ អេស៊ីលីដា ភីអិលស៊ី សូមគោរពជម្រាបជូនដំណឹងដល់អតិថិជន និងសាធារណជនទាំងអស់ មេត្តាទទួលជ្រាបថា​ ការិយាល័យសាខាធនាគារ អេស៊ីលីដា ភីអិលស៊ី ​នៅតាមបណ្តាលខេត្តក្រុងទូទាំងប្រទេស ​នៅបើកដំណើរការជាធម្មតា​ និងរង្វង់រាជធានីភ្នំពេញចំនួន ៨ការិយាល័យសាខា។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា៖ ដោយសង្កេតឃើញថា អតិថិជន និងអាជីវកម្មស្ថិតនៅក្នុងរង្វង់រាជធានីភ្នំពេញ ដែលទទួលបានការអនុញ្ញាតនៅតែមានតម្រូវការ ចាំបាច់ក្នុងការប្រើប្រាស់នូវសេវាធនាគារ ដើម្បីធ្វើការទូទាត់ជាមួយដៃគូរពាណិជ្ជកម្មក្នុង និងក្រៅប្រទេស រួមទាំង ការប្រើប្រាស់សេវាផ្ទេរប្រាក់ និងសេវាបំពេញកាតព្វកិច្ចពន្ធ សេវាបើកប្រាក់បៀវត្សរ៍មន្ត្រីសាធារណៈ ក៏ដូចជាសេវាបើកប្រាក់បៀវត្សរ៍កម្មករនិយោជិតក្រុមហ៊ុនឯកជន ដូច្នេះដើម្បីសម្រួលដល់ការបម្រើសេវាហិរញ្ញវត្ថុឲ្យបានរលូន និងដើម្បីចូលរួមអនុវត្តយ៉ាងម៉ត់ចត់នូវសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ស្តីអំពីការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ ធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រេចរំលែកការបម្រើសេវាកម្មហិរញ្ញវត្ថុត្រឹមចំនួន ៨ការិយាល័យសាខា នៅក្នុងរាជធានីភ្នំពេញ និងដើម្បីសម្រួលដល់ការធ្វើដំណើររបស់អតិថិជនក៏ដូចសាធារណជន ជៀសវាងការឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយឆ្ងាយពេក។

បណ្ឌិត អ៊ិន ចាន់នី ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានសម្របសម្រួលក្នុងការធ្វើដំណើរទៅបំពេញភារកិច្ចការងាររបស់បុគ្គលិកធនាគារ ដើម្បីអាចដំណើរការនៅតាមទីតាំងការិយាល័យសាខានីមួយៗបានដោយរលូន និងសូមថ្លែងអំណរគុណដល់អតិថិជន និង​​សាធារណជន ដែលតែងតែគាំទ្រនូវការប្រើប្រាស់សេវាកម្មរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។

ប្រសិនបើអតិថិជន សាធារណជន លោកមានចម្ងល់ ឬសំណូមពរផ្សេងៗ សូមទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជន (បម្រើ២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍) តាមរយៈទូរស័ព្ទលេខ 023 99 4444 ឬ 015 999 233៕សូមអរគុណ!