យោងតាមហ្វេសប៊ូករបស់សាលាខណ្ឌទួលគោក បានបង្ហោះពីរូបភាពនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ នៅតំបន់ជុំវិញផ្សារដើមគ ដែលត្រូវបានចាត់ទុកជាតំបន់ដែលមានកម្រិតហានិភ័យខ្ពស់ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ តែទោះជាយ៉ាងណាក៏នៅតែមានអាជីវករខ្លះព្យាយាមលក់បន្តនៅក្នុងតំបន់ហាមឃាត់ ទោះជាអាជ្ញាធរចាត់វិធានការក្តៅយ៉ាងណាក៏ដោយ។

ដោយសារតែបែបនេះហើយ ទើបកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានចាត់វិធានការក្តៅបន្តចុះរុះរើ និងរៀបចំដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ នេះបើតាមការឲ្យដឹងរបស់សាលាខណ្ឌទួលគោក។

គួររំលឹកផងដែរថា ផ្សារដើមគរ ត្រូវបានចាត់ទុកជាតំបន់ដែលមានហានិភ័យខ្ពស់ ព្រោះមានករណីឆ្លងជំងឺកូវីដ ដោយគិតត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ មានអ្នកពាក់ព័ន្ធដែលសង្ស័យសរុប២៥៣នាក់ ហើយត្រូវបានគេរកឃើញថា មានវិជ្ជមានកូវីដ១៩ជាច្រើននាក់ ដោយក្នុងនោះរួមមានទាំងសន្តិសុខផ្សារ កម្មករ អាជីវករលក់ក្នុងផ្សារ និងអ្នកអនាម័យ។

ផ្សារជាច្រើនកន្លែងត្រូវបានបិទជាបន្តបន្ទាប់ ក្នុងនោះមានផ្សារធំៗនៅក្នុងរាជធានីភ្នំពេញជាច្រើន ដូចជាផ្សារដើមគ ដែលជាផ្សារផ្គត់ផ្គង់បន្លែធំជាងគេនៅក្នុងរាជធានីភ្នំពេញ ផ្សារអូរឬស្សី ផ្សារអូឡាំពិក និងផ្សារជាច្រើនកន្លែងទៀត៕