ខេត្តកំពង់ស្ពឺ៖ កាលពីយប់ថៃ្ងទី២០ ខែមេសា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចនៃស្នងការនគរបាលខេត្ដកំពង់ស្ពឺ បានធ្វើស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនបរទេសចំនួន១៦នាក់ និងជនជាតិខ្មែរ២នាក់ ដែលធ្វើដំណើរចេញពីតំបន់ Lockdown ក្នុងរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ច បញ្ជាក់ថា ប្រតិបត្តិការនេះ ធ្វើឡើងដោយកម្លាំងជំនាញផែនការងារសន្តិសុខ ផែនការងារអន្ដោប្រវេសន៍ កម្លាំងអន្ដរាគមន៍ និងតម្រួតបទបញ្ជា អធិការដ្ឋាននគរបាលស្រុកឧដុង្គបានដំណើរការនីតិវិធីជនខាងលើនៅចំណុចផ្ទះសំណាក់ ហេង មានលាភ ស្ថិតក្នុងភូមិឧដុង្គ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងដកហូតបានរថយន្តប្រភេទទួរីស២គ្រឿង ។

ប្រភពបន្តថា អ្នកបើកបររថយន្ដដឹកជញ្ជូនជនបរទេសទាំងនោះ ទី១-ឈ្មោះ ម៉ី ឡៃ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបររត់តាក់ស៊ី មានទីលំនៅ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល, ទី២-ឈ្មោះ នឿន ណារ័ត្ន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបររត់តាក់ស៊ី មានទីលំនៅឃុំលំហាច ស្រុកអង្គស្នួល ខេត្ដកណ្ដាល។ ចំណែកម្ចាស់រថយន្ត០៣គ្រឿងទៀតបានគេចខ្លួន ក្រោយពេលសមត្ថកិច្ចនៅតាមគោលដៅត្រួតពិនិត្យច្រើនពេក និងដឹងថាមិនអាចបន្ដដំណើរទៅមុខ ទៀតបានក៏ដាក់ជនបរទេសទាំងនោះទុកចោលរួចនាំគ្នាបើករថយន្ដវិលត្រឡប់ទៅគោលដៅផ្សេងរៀងៗខ្លួន អស់ទៅ។

យោងតាមសេចក្ដីសម្រេចលេខ៤៩ សសរ, លេខ៥០, លេខ៥១សសរ និងច្បាប់ស្ដីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និង ជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ពិសេសការកំណត់បម្រាមមួយចំនួន ទាក់ទងការចល័តមនុស្សចេញពីតំបន់មួយទៅតំបន់មួយទៀតបានត្រូវហាមឃាត់១០០%។

ជនបរទេសទាំងនោះពិតជាបានប្រព្រឹត្ដផ្ទុយពីបម្រាមរបស់រាជរដ្ឋាភិបាល យ៉ាងពិតប្រាកដ ពិសេសដោយបានការសមគំនិតសម្របសម្រួលពីជនជាតិខ្មែរទាំងនោះ ក្នុងការធានារត់ការដឹកបន្លំភ្នែកសមត្ថកិច្ច ដោយជ្រកក្រោមរូបភាពក្រុមហ៊ុនដឹកជញ្ជូន បានបន្ដដំណើរគេចចេញពីតំបន់មួយដោយមិនខ្លាច និងចូលរួមអនុវត្ដវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសក្នុងតំណាក់កាលនៃការ Lockdown តំបន់មួយចំនួននៅក្នុង រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្ដកណ្ដាល។
ជនបរទេសទាំង១៦នាក់ និងអ្នកបើកបររថយន្តជាជនជាតិខ្មែរ ត្រូវសមត្ថកិច្ចនាំទៅធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕