ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល ហើយដែលវិក្កយបត្រទូទាត់ថ្លៃអគ្គិសនីផុតកំណត់ នៅតែអាចអញ្ជើញទៅបង់ភ្លើងបាននៅតាមធនាគារមីក្រូហិរញ្ញវត្ថុ លើកលែងតែអតិថិជនអ្នកប្រើប្រាស់នោះ ត្រូវបានក្រុមហ៊ុនអគ្គិសនីកាត់ផ្តាច់ចរន្ត ។

នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា(EDC) ដែលចុះហត្ថលេខាដោយលោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកអគ្គិសនីកម្ពុជាកាលពីថ្ងៃទី២១ មេសា ២០២១ ។

បើតាមសេចក្តីជូនដំណឹងស្តីពីការសម្រួលក្នុងការទូទាត់វិក្កយបត្រអគ្គិសនីក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញនិងខេត្តកណ្តាល(ក្រុងតាខ្មៅ)ផ្ញើជូនប្រធានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុនដែលជាដៃគូសហការរបស់អគ្គិសនីកម្ពុជាបានបញ្ជាក់ថា កន្លងមកការទូទាត់ថ្លៃការប្រើប្រាស់ថាមពលអគ្គិសនីតាមរយៈដៃគូសហការដែលមានចែងក្នុងអនុស្សរណៈ(ចំណុចទី២ យន្តការ) តម្រូវឲ្យអតិថិជនធ្វើការទូទាត់ មុនថ្ងៃផុតកំណត់រយៈពេល០៣ថ្ងៃ។

ដោយផ្អែកតាមសភាពការណ៍បច្ចប្បន្ន ដើម្បីចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និង វិធានការបិទខ្ទប់រាជធានីភ្នំពេញនិងខេត្តកណ្តាល(ក្រុងតាខ្មៅ) អគ្គិសនីកម្ពុជាយល់ព្រមឲ្យបណ្តាដៃគូសហការទាំងអស់អាចទទួលប្រាក់ថ្លៃប្រើប្រាស់ថាមពលអគ្គិសនីពីអតិថិជនបាន ទោះបីវិក្កយបត្រផុតកាលកំណត់ទូទាត់ក៍ដោយ លើកលែងតែអតិថិជនដែលត្រូវបានកាត់ចរន្តរួច ៕