រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទ លោក វេង សាខុន បានថ្លែងថា ទោះបីពេលនេះកម្ពុជាកំពុងប្រឈមនឹងការរីករាលដាលជំងឺកូវីថ១៩ ពិសេសការបិទខ្ទប់(Lockdown) នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាលក្តី ក៍បន្លែ ត្រី សាច់ កម្ពុជាអាចផ្គត់ផ្គង់ដោយខ្លួនឯងបាន ។

បើតាមលោកបណ្ឌិត វេង សាខុន នៅពេលនេះ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទ កំពុងរកមធ្យោបាយនានាដើម្បីអន្តរាគមន៍តំបន់ដែលខ្វះស្បៀងអាហារ ។

លោករដ្ឋមន្រ្តីក៍បានស្នើឲ្យក្រសួងពាណិជ្ជកម្ម ក៍ដូចជាពលរដ្ឋបង្ហាញទីតាំង ឬ តំបន់ដែលត្រីវចែកចាយស្បៀង ហើយថាបើខាងពាណិជ្ជកម្មបង្ហាញភ្លាម លោកនឹងបញ្ជាឲ្យដឹកទៅភ្លាម ។

ការលើកឡើងរបស់លោកបណ្ឌិត វេង សាខុន ខាងលើបានធ្វើឡើងបន្ទាប់ពីម្ហូបអាហារដូចជា បន្លែ ត្រី សាច់ ត្រូវបានគេអះអាងថាកំពុងខ្វះខាត និងឡើងថ្លៃ អំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ ពិសេសការបិទខ្ទប់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ១៩ ។

ប្រសាសន៍របស់លោករដ្ឋមន្រ្តីកសិកម្មខាងលើ ក៍ធ្វើឡើងបន្ទាប់ពីអាជ្ញាធរវៀតណាមបានសម្រេចបិទមិនឲ្យបន្លែរបស់ខ្លួនចូលកម្ពុជាតាមច្រកជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល ដោយលើកហេតុផលដើម្បីការពារការឆ្លងមេរោគកូវីដ១៩ពីកម្ពុជា ប៉ុន្តែការបិទនោះមានរយៈពេលខ្លី គឺប៉ុន្មានម៉ោងប៉ុណ្ណោះក៍បើកវិញ ក្រោយភាគីកម្ពុជាបានពន្យល់ហេតុផលនៅក្នុងកិច្ចពិភាក្សាកាលពីថ្ងៃទី២១ មេសា ២០២១ ៕