ខណៈកំពុងមានការរាតត្បាតនៃជំងឺ Covid-19 ដែលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់បានដោយងាយ។ ក្នុងនោះផងដែរស្រី្តពពោះ ឬកំពុងបំបៅកូនមិនគួរមានការភ័យខ្លាច ឬបារម្ភច្រើនពេកឡើយទាក់ ទងនឹងបញ្ហានេះចៀសវាងការគិតច្រើន ឬគេងមិនលក់ដែលអាចប៉ះពាល់ដល់សុខភាពរបស់អ្នក និង កាន់តែធ្វើឱ្យប្រព័ន្ធការពាររាងកាយចុះខ្សោយ។ ស្រ្តីពពោះ ឬកំពុងបំបៅដោះឱ្យព្យាយាមអនុវត្តនូវវិធីសាស្ត្រការពារខ្លួនពីជំងឺ Covid-19 ដែលកំពុងមានការរីករាលដាលនេះដែលក្នុងនោះរួមមាន៖

១. ធ្វើការលាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូឱ្យបានយ៉ាងតិច ២០វិនាទី ជាពិសេសមុនពេល បរិភោគ ក្រោយពេលកណ្ដាស់ ឬក្រោយពេលចេញពីបន្ទប់ទឹក ។
២. ធ្វើការសម្អាតដៃដោយប្រើជែលលាងដៃស្ងួត ឬទឹកអាកុលពេលអ្នកធ្វើដំណើរ។
៣. ឧស្សាហ៍សម្អាតផ្ទៃខាងលើនៃរបស់របរប្រើប្រាស់ប្រចាំថ្ងៃដែលក្នុងនោះមានទូរសព្ទដៃជាដើម។
៤. ចៀសវាងប្រើប្រាស់សម្ភារៈរួមនានាតាមទីប្រជុំជន ឬទីសាធារណៈ។
៥. ចូរកណ្តាស់ដោយធ្វើការយកកែងដៃ ឬក្រដាសខ្ទប់ចៀសវាងការប្រើប្រាស់បាតដៃផ្ទាល់។
៦. ចៀសវាង ការប៉ះពាល់ ឬប្រើនូវសម្ភារៈរួមជាមួយអ្នកដែលមានអាការៈឈឺ ផ្ដាសាយ ក្អក ឬឧស្សាហ៍ កណ្តាស់ ជាដើម។
៧. បើមានអាការៈផ្តាសាយ ទោះតិចតួចក្តីគួរទៅពិគ្រោះជាមួយក្រុមគ្រូពេទ្យ ឬអ្នកជំនាញ។

ក្រៅពីវិធីបង្ការដែលណែនាំដោយក្រុមអ្នកជំនាញ ខាងលើស្រ្តីមានផ្ទៃពោះឬកំពុងបំបៅកូនគប្បីកុំ ចេញទៅកន្លែងដែលមានមនុស្សច្រើនកកកុញ បើគ្មានកិច្ចការសំខាន់៕