រាជធានីភ្នំពេញ ៖ មនុស្សប្រុសស្រី៥នាក់ បានជិះរថយន្តសង្គ្រោះរបស់មណ្ឌលសុខភាពត្រពាំងវែង ដើម្បីទៅផ្តល់ឈាមនៅមន្ទីរពេទ្យរុស្ស៊ី ដោយគ្មានលិខិតបញ្ជាក់ត្រឹមត្រូវ ហើយត្រូវកម្លាំងសមត្ថកិច្ចខណ្ឌដង្កោធ្វើការឃាត់ នៅវេលាម៉ោង១០និង០០នាទីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ ។

សមត្ថកិច្ច បានឱ្យដឹងថា អ្នកដែលត្រូវឃាត់ខ្លួនទី១-ឈ្មោះឡុង រាសី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរតៃកុងរថយន្តមណ្ឌលសុខភាពត្រពាំងវែង មានទីលំនៅភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ ទី២-ឈ្មោះយឹម ចាន់ថន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិត្រពាំងបារគូ ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ ទី៣-ឈ្មោះ ឌុត ចាន់រ៉េត ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិត្រពាំងបារគូ ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ទី៤-ឈ្មោះ ឌុត ចាន់ឌី ភេទស្រី អាយុ ៤២ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិត្រពាំងបារគូ ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ ទី៥-ឈ្មោះ អ៊ុច ផល្លា ភេទស្រី អាយុ ៤១ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិត្រពាំងបារគូ ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

សមត្ថកិច្ច បញ្ជាក់ថា តៃកុងរថយន្តខាងលើ បានដឹកពលរដ្ឋ៤នាក់ មកផ្ដល់ឈាមនៅមន្ទីរពេទ្យរុស្ស៊ី ដោយយកថ្លៃឈ្នួលម្នាក់៣០ដុល្លារ ដើម្បីយកឈាមឲ្យអ្នកជំងឺឈ្មោះមិត្ត ចាន់ធឿន ភេទស្រី អាយុ៤៥ឆ្នាំ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជោរី ដោយពុំមានឯកសារបញ្ជាក់ត្រឹមត្រូវទេ ទើបសមត្ថកិច្ចធ្វើការឃាត់ និងនាំមកធ្វើការសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលពងទឹកតែម្ដង ។ តែយ៉ាងណា ពលរដ្ឋដែលធ្វើដំណើរតាមរថយន្តសង្គ្រោះខាងលើ បានអះអាថា ពួកគាត់ធ្វើដំណើរមកនេះ គឺមានការអនុញ្ញាតពីឈ្មោះឡុង រី ភេទប្រុស អាយុ៥៧ឆ្នាំ ជាប្រធានមណ្ឌលសុខភាពត្រពាំងវែង ៕