ខេត្តកណ្តាល៖ លទ្ធផលធ្វើតេស្តសំណាករកជំងឺកូវីដ-១៩ តាមរយៈការធ្វើតេស្តជាមួយឧបករណ៍RAPID TEST ដែលបង្ហាញភ្លាមៗ នូវលទ្ធផល វិជ្ជមានឬអវិជ្ជមានក្នុងអំឡុងវង្វង់១០ ឬ១៥នាទីប៉ុណ្ណោះ លើក្រុមអាជីវករលក់ដូរនៅផ្សារបណ្តោះអាសន្ន សរុប៣៩៨នាក់ គឺទទួលបានលទ្ធផលអវិជ្ជមានទាំងអស់គ្នា ។

លោករស់ ឡង់ឌី ប្រធានការិយាល័យព័ត៌មាន ទូរទស្សន៍ជាតិខេត្តកណ្តាល ដែលប្រចាំការនៅទីតាំងផ្ទាល់រាយការណ៍តាមប្រព័ន្ធ តេឡេក្រាមនៅវេលាម៉ោង១០យប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់ថា ការប្រមូលយកបងប្អូនអាជីវករលក់ដូរ៣៩៨នាក់ យកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ នាពេលនេះ បន្ទាប់ពីក្រុមគ្រូពេទ្យបានរកឃើញ បងប្អូនចំនួន១១នាក់ ពិនិត្យឃើញថា បានឡើងកំដៅ លើសពី៣៧អង្សាសេ។

ក្រោយពីធ្វើតេស្តបងប្អូនរួច ហើយប្រាកដថាអវិជ្ជមានកូវីដ-១៩ អាជ្ញាធរក្រុងតាខ្មៅ និងប្រគល់លិខិតបញ្ជាក់អំពីសុខភាពជូនភ្លាម នៅកន្លែងយកសំណាកនេះតែម្តង និងត្រូវអនុញ្ញាតឲ្យចូលលក់នៅក្នុងផ្សារនេះជាប្រក្រតីឡើងវិញ៕