រាជធានីភ្នំពេញ៖ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ក្រសួងសុខាភិបាលកម្ពុជា​ បានបន្ដរកឃើញករណីឆ្លងថ្មី នៃកូវីដ-១៩ ចំនួន៤២៩នាក់ ​ដែលពាក់ព័ន្ធនឹងព្រឹត្ដិការណ៍សហគមន៍ និង២នាក់ ជាអ្នកដំណើរមកពីបរទេស ហើយអ្នកជំងឺចំនួន៣១នាក់ផ្សេងទៀត ត្រូវបានព្យាបាលជាសះស្បើយបន្ថែមទៀត។

ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន នៅព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ថា ក្រសួងបានបន្ដរកឃើញករណីឆ្លងថ្មី នៃកូវីដ-១៩ ចំនួន៤៣១នាក់បន្ថែមទៀត។​ ករណីឆ្លងកូវីដ-១៩ថ្មី ទាំង៤៣១នាក់នោះ មានចំនួន៤២៩នាក់ ពាក់ព័ន្ធនឹងព្រឹតិ្ដការណ៍សហគមន៍ ២០ កុម្ភៈ ​និង២នាក់ផ្សេងទៀត ជាអ្នក​ដំណើរមកពីបរទេស។ អ្នកឆ្លងកូវីដ-១៩ថ្មីទាំងនោះ រួមមាន អ្នកនៅរាជធានីភ្នំពេញ ចំនួន២៧១នាក់, ខេត្តព្រះសីហនុ ចំនួន១៣៣នាក់, កណ្ដាល ចំនួន១០នាក់, កំពង់ចាម ចំនួន៤នាក់, តាកែវ ចំនួន៤នាក់, ព្រៃវែង ចំនួន២នាក់, ត្បូងឃ្មុំ ចំនួនម្នាក់,  ស្វាយរៀង ចំនួនម្នាក់, កំពង់ឆ្នាំង ចំនួនម្នាក់, កំពង់ធំ ម្នាក់ និងខេត្ត​កំពត ម្នាក់។

ទោះជាយ៉ាងណា ​បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ក៏បានបង្ហាញសញ្ញាណល្អ​ផងដែរ ដោយសារថ្ងៃនេះ នៅកម្ពុជាមានអ្នកព្យាបាលជាសះស្បើយ​ ចំនួន៣១នាក់បន្ថែមទៀត។

គិតត្រឹមព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ នៅកម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុប​ ៧៤៤៤ នាក់ ហើយក្នុងចំណោមអ្នកជំងឺទាំងនោះ មាន​អ្នកជាសះស្បើយ ចំនួន ២ ៥៥៥ នាក់ និងអ្នកជំងឺ​ ៤ ៨៣៥ នាក់ កំពុងសម្រាកព្យាបាល ហើយអ្នកជំងឺចំនួន៤៩នាក់ផ្សេងទៀតបានស្លាប់៕​