រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ កម្លាំងនគរបាលខណ្ឌជ្រោយចង្វារ បានចាប់វាយខ្នោះមន្រ្តីយោធាម្នាក់ ក្រោយបើកម៉ូតូបុកបារ៉ាស់បិទខ្ទប់ និងប្រើហិង្សាទៅលើសមត្ថកិច្ចប្រចាំគោលដៅទៀតផង។

លោក សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា ជនបង្ករូបនេះមានឈ្មោះ ខៀវ ចាន់សុភក្ត្រា អាយុ៣១ឆ្នាំ ជាមន្រ្តីយោធាក្រសួងការពារជាតិ ត្រូវបានសមត្ថកិច្ច នៃអធិការខណ្ឌជ្រោយចង្វារឃាត់ខ្លួននៅព្រឹកថ្ងៃ២០ ខែមេសា ឆ្នាំ២០២១។ ជនបង្កបានបើកបុកប៉ារ៉ាស់បិទខ្ទប់ ជេរប្រមាថមើលងាយ និងវាយបង្កបួសស្នាមមកលើសមត្ថកិច្ចទៀតផង។

ជនបង្ក ត្រូវសមត្ថកិច្ចនាំខ្លួនមកអធិការខណ្ឌជ្រោយចង្វារ ដើម្បីសាកសួរ និងកសាងសំណុំឯកសារបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕