រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌដូនពេញ បានចេញសេចក្តីជូនដំណឹងប្រកាសថា ផ្អាកដំណើរការជាបណ្តោះអាសន្នផ្សារកណ្តាល ក្នុងសង្កាត់ផ្សារកណ្តាលទី១ រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យនាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ-១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន និងប្រជាពលរដ្ឋដែលចេញ-ចូលក្នុងទីតាំងផ្សារខាងលើ។

ការប្រកាសផ្អាកដំណើរការជាបណ្តោះអាសន្នផ្សារកណ្តាល នេះ ធ្វើឡើងដោយស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ ជាពិសេសនៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានបងប្អូនអាជីវករ និងប្រជាពលរដ្ឋបានឆ្លងវីរុសកូវីដ១៩ជាបន្តបន្ទាប់គួរឱ្យបារម្ភ ។ ជាមួយគ្នានោះដែរ រដ្ឋបាលខណ្ឌដូនពេញ សូមអំពាវនាវដល់បងប្អូនអាជីវករ សន្តិសុខ បុគ្គលិក កម្មករ បម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋដែលកន្លងមកធ្លាប់បានចេញ-ចូល ផ្សារខាងលើនៅថ្ងៃទី០៥ ខែមេសា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បើមានអការៈក្តៅខ្លួន ក្អក ពិបាកដកដង្ហើម ហើយមានការសង្ស័យថាឆ្លងមេរោគកូវីដ១៩ សូមអញ្ជើញមកយកសំណាកតេស្តរកមេរោគកូវីដ-១៩ ជាបន្ទាន់នៅវិទ្យាល័យបាក់ទូកនិងវិទ្យាល័យបឹងត្របែក ព្រមទាំងអនុវត្តវិធានចត្តាឡីស័ក ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានត្រឹមត្រូវបំផុត៕