ខេត្តស្វាយរៀង៖ មន្រ្ដីសុខាភិបាលជំនាញ​បានបន្ដរកឃើញបុគ្គលិកកាស៊ីណូបាវិត-ម៉ុកបាយ ស្ថិតក្នុងសង្កាត់បាវិត ក្រុងបាវិត ចំនួន៣នាក់បន្ថែមទៀត បានឆ្លងកូវីដ-១៩។

បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា មន្រ្ដីជំនាញសុខាភិបាលបានបន្ដរកឃើញករណីវិជ្ជមាន នៃជំងឺកូវីដ-១៩ លើបុគ្គលិកចំនួន៣នាក់បន្ថែមទៀត ដែលបម្រើការងារ និងស្នាក់នៅកាស៊ីណូបាវិត-ម៉ុកបាយ ស្ថិតក្នុងសង្កាត់បាវិត ក្រុងបាវិត។

រដ្ឋបាលខេត្តស្វាយរៀង បានបង្ហាញអត្ដសញ្ញាណ​របស់អ្នក​ឆ្លង​កូវីដ-១៩​ទាំង៣នាក់នោះ​៖

​ទី១-លោក ហ៊ុន ម៉ារ៉ា អាយុ៤១ឆ្នាំ រស់នៅភូមិអំពិល ឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង។

​ទី២-លោក សុខ វណ្ណី អាយុ២៨ឆ្នាំ រស់នៅភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល។

​ទី៣-ស្ដ្រីឈ្មោះ សុត ផាន្នី អាយុ២៦ឆ្នាំ នៅភូមិតាពួង ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្ដស្វាយរៀង សូមអំពាវនាវដល់អ្នក​ពាក់ព័ន្ធ ទាំងផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកូវីដ និងទីតាំងខាងលើ ​ចាប់ពីថ្ងៃទី​៤ ខែមេសា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័ក នៅតាមផ្ទះ រយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ ប្រសិនមានបងប្អូនប្រជាពលរដ្ឋមានអាការខុសប្រក្រតី ដូចជា ក្ដៅខ្លួន, ក្អក, កណ្ដាស់, ឈឺបំពង់ក, ពិបាកដកដង្ហើម សូមផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកសំណាក នៅអតីតយានដ្ឋាន Mr.SO ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត៕