រាជធានីភ្នំពេញ៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានសម្រេចបិទ​ផ្សារពោធិ៍ចិនតុងជាបណ្ដោះអាសន្ន ក្រោយ​រកឃើញអាជីវករខ្លះមានផ្ទុកវិជ្ជមាន នៃកូវីដ-១៩ ហើយអំពាវនាវឲ្យដល់​អ្នកពាក់ព័ន្ធ ត្រូវ​យកសំណាកមកពិនិត្យ ដើម្បីធ្វើតេស្ដស្វែងរកមេរោគ នៅព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ នៅ​សាលាបឋមសិក្សាសុភមង្គល។​

បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ  បានបញ្ជាក់ថា ដោយសារមានអាជីវករ និងប្រជាពលរដ្ឋមួយចំនួន បានឆ្លងវីរុសកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ២០២១ ហើយស្ថាភាព នៃការឆ្លងរីករាលដាល នៃមេរោគនេះ មានសភាពឆាប់រហ័សគួរឲ្យភ័យខ្លាច ទើប​រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានសម្រេចផ្អាកដំណើរការជាបណ្ដោះអាសន្ននូវផ្សារពោធិ៍ចិនតុង ស្ថិតក្នុងសង្កាត់ កាកាបទី១ រយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីម៉ោងសូន្យ នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ រហូតដល់ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១។ ការផ្អាកដំណើរការផ្សារពោធិ៍ចិនតុងនេះ​ គឺដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃវីរុសកូវីដ-១៩ ទៅដល់បងប្អូនអាជីវករ និងអតិថិជន ក៏ដូចជា ប្រជាពលរដ្ឋ​ចេញ-ចូលក្នុងទីតាំងផ្សារខាងលើ។

ជាមួយគ្នានេះ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សូមអំពាវនាវដល់បងប្អូនអាជីវករ សន្តិសុខ បុគ្គលិក កម្មករបម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋដែលកន្លងមកធ្លាប់បានចេញ-ចូលផ្សារខាងលើ ចន្លោះពីថ្ងៃទី១៥ ខែមេសា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ហើយបើមានអាការក្តៅខ្លួន ក្អក ពិបាកដកដង្ហើម ដោយមានការសង្ស័យ ពីការឆ្លងមេរោគកូវីដ-១៩ សូមអញ្ជើញ​យកសំណាក ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ជាបន្ទាន់ នៅផ្សារពោធិ៍ចិនតុង ព្រមទាំងត្រូវអនុវត្តវិធានចត្តាឡីស័ក ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវបំផុត៕

សូមអានខ្លឹមសារសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ទាំងស្រុងដូចខាងក្រោម៖