ខេត្តបាត់ដំបង​៖ អាជ្ញាធរខេត្តបាត់ដំបង បានបន្ដបិទផ្នែកខាងក្នុងផ្សារ (តួផ្សារ) នៃផ្សារចំនួន៨ ក្នុងក្រុងបាត់ដំបង និងផ្សារក្នុងស្រុកថ្មគោល ចំនួន២កន្លែងទៀត ជាបណ្ដោះអាសន្ន រយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់កូវីដ-១៩។​

រដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់ នៅក្នុង​សេចក្ដីណែនារបស់ខ្លួន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ថា ផ្សារចំនួន៨ នៅក្រុងបាត់ដំបង និងផ្សារចំនួន​២កន្លែងទៀត នៅក្នុងថ្មគោល នឹងត្រូវបន្តបិទបណ្ដោះអាសន្ន។ រីឯផ្សារទាំងនោះ រួមមាន៖ ទី១-​ផ្សារធំបាត់ដំបង (ផ្សារណាត់),ទី២-​ផ្សារបឹងឈូក, ទី៣-​ផ្សារ១៣មករា, ទី៤-​ផ្សារអប្សារផ្សារលើ, ទី៥-​ផ្សាររោងល្ខោន, ទី៦-​ផ្សារវត្តលៀប, ទី៧-​ផ្សារពោធិ៍វង្ស, ទី៨-​ផ្សារទំនើបភូពុយ​។  ដោយឡែក​ផ្សារ​នៅស្រុកថ្មគោលចំនួន២ទៀត រួមមាន៖​ ផ្សារថ្មគោល​ និង ផ្សារជ្រៃក្នុងស្រុកថ្មគោលមានរយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ដូចគ្នា។

រដ្ឋបាលខេត្ត​ បានបន្ថែមទៀតថា ទីតាំងផ្សារទាំង១០នេះ ត្រូវបានអនុញ្ញាតឱ្យលក់ នៅផ្នែកខ្លះនៃបរិវេណខាងក្រៅផ្សារ ដូចជា៖ បន្លែ ត្រី សាច់គ្រឿងឧបភោគ បរិភោគ ដែលជាតម្រូវការចាំបាច់រស់នៅប្រចាំថ្ងៃ ដោយអនុវត្តនូវវិធានការសុខាភិបាលក្នុងការរក្សាគម្លាតសុវត្ថិភាពដោយ ពាក់ម៉ាស និងលាងដៃ និងត្រូវអនុវត្តតាមវិធានការ «៣កុំ និង៣ការពារ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕