Merck ដែលជាក្រុមហ៊ុនឱសថដ៍ធំមួយរបស់សហរដ្ឋអាមេរិកបានឲ្យដឹងថា ខ្លួនកំពុងអភិវឌ្ឍន៍ថ្នាំលេបព្យាបាល និងទប់ស្កាត់មេរោគកូវីដ១៩ ហើយត្រៀមធ្វើតេស្តសាកល្បងដំណាក់កាលទី៣ចុងក្រោយនៅអំឡុងខែកញ្ញា ឬ តុលា ២០២១ខាងមុខ ។

បើតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុនឱសថ Merck កាលពីចុងសប្តាហ៍មុនបានបង្ហាញក្តីសង្ឃឹមថា លទ្ធផលនៃការសាកល្បងព្យាបាលនូវដំណាក់កាលទី៣ នឹងទទួលបានការយល់ព្រមសម្រាប់ដាក់ឲ្យប្រើប្រាស់ជាបន្ទាន់នូវឱសថឈ្មោះ Molnupiravir ពីរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក(FDA) នៅមុនដំណាច់ឆ្នាំ២០២១នេះ ។

 

បើតាមលទ្ធផលនៃការសាកល្បងឱសថ Molnupiravir នៅដំណាក់កាលទី២ បានបង្ហាញថា ក្នុងចំណោមអ្នកសាកល្បងប្រមាណ ៣០០នាក់ គឺភាគរយស្លាប់បានធ្លាក់ចុះពី១០ទៅ១៥% ក្រោយការប្រើថ្នាំ Molnupiravir រយៈពេល៧ថ្ងៃ ។ 

Merck បានឲ្យដឹងទៀតថា ភាគរយនៃអ្នកដែលសាកល្បង ក្រោយមកបានស្លាប់ ឬចូលសម្រាកនៅមន្ទីរពេទ្យ បន្ទាប់ពីប្រើថ្នាំ Molnupiravir គឺមានចំនួនតិចជាងនៅក្នុងចំណោមមនុស្សដែលទទួលការព្យាបាលដោយប្រើឱសថ Placebo ៕