ខេត្តកំពង់ស្ពឺ៖ ឡ​បូជាសពដ៏ទំនើបសម្រាប់បូជាសពរបស់​អ្នកស្លាប់​ដោយសារជំងឺកូវីដ១៩ បានដឹកទៅដល់​សាលាស្រុកឱរាល់ ហើយ​ត្រៀមនឹងដឹក​ទៅកាន់ឈាបនដ្ឋាន ស្ថិតក្នុងឃុំតាសាល ស្រុកឱរ៉ាល់។​

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ​កាលពីថ្ងៃទី​៩ ខែមីនា ឆ្នាំ២០២១ បានណែនាំអំពីវិធានការរៀបចំសាងសង់នូវឈាបនដ្ឋាន សម្រាប់បូជាសពរបស់អ្នកស្លាប់ ដោយសារកូវីដ-១៩ដល់អាជ្ញាធររាជធានី-ខេត្តទាំងអស់។ ដោយអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ទើបមានការបញ្ជាទិញឡស្វ័យប្រវត្តិដ៏ទំនើប សម្រាប់បូជាសពរបស់អ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩។

ឡបូជាសព​ដ៏ទំនើបនេះ បានដឹកមកដល់សាលាស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ហើយត្រៀមរៀបចំដឹកបន្តទៅកាន់ទីតាំងឈាបនដ្ឋានបូជាសព។ រីឯ​ទីតាំងឈាបនដ្ឋាននេះ មាន​ផ្ទៃដីប្រមាណ១០ហិកតា ត្រូវបានរៀបចំឡើង ដោយសាលារាជធានីភ្នំពេញ ហើយមានទីតាំងស្ថិតក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ៕