រាជធានីភ្នំពេញ៖ ស្រ្ដីម្នាក់តូចចិត្តនឹងប្ដីតែងតែប្រចណ្ឌខុសរឿង ហើយធ្វើបាបនាងខ្លាំងពេក រហូតស៊ូអត់ទ្រាំលែងបាន បែរជាគិតខ្លីរត់មកលោតទឹក បង្កឲ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ចចាប់ឃាត់ទាន់ កាលពី​​ពីម៉ោង១០ និង២០នាទីយប់ ថ្ងៃអាទិត្យ ទី១៨ ខែមេសា ឆ្នាំ ២០២១ នៅ ​គល់ស្ពានជ្រោយចង្វារត្រើយខាងកើត ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ប្រភពព័ត៌មាន បានឲ្យដឹងថា ស្រ្ដីខាងលើ ​ឈ្មោះ សុខ ខេង អាយុ២៥ឆ្នាំ មុខរបរជាអ្នកសម្អាងការ ស្នាក់នៅផ្សារសាមហាន់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ស្រ្ដីខាងលើ បានយំរៀបរាប់ថា ប្ដីរបស់នាងតែងតែធ្វើបាបផ្លូវចិត្តនាង​យ៉ាងធ្ងន់ធ្ងរ ដោយសារតែការប្រចណ្ឌ​មិនមានហេតុផល ហើយរករឿងនាងស្ទើររាល់ថ្ងៃ ធ្វើឲ្យនាងពិបាកចិត្តយ៉ាងខ្លាំង រហូតលែងចង់រស់ ហើយសម្រេចចិត្តមកបញ្ចប់ជីវិត ដោយលោតទឹកសម្លាប់ខ្លួន។ ប៉ុន្ដែខណៈនាងមិនទាន់ទៅដល់កន្លែងប្រុងនឹងលោតសម្លាប់ខ្លួនផង​ ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ទាន់ពេលវេលា។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទាក់ទងទៅបុរសជាប្ដីរបស់នាង ហើយអប់រំ និងណែនាំពួកគេ មុននឹងឲ្យត្រឡប់ទៅផ្ទះវិញ៕​