ភ្នំពេញ៖ ធនាគារ អេស៊ីលីដា នៅតែបំពេញសេចក្តីត្រូវការរបស់អតិថិជនបានដដែលជាមួយនឹងហេដ្ឋារចនាសម្ព័ន្ឋឌីជីថលដ៏ធំទូលាយគ្រប់ដណ្តប់គ្រប់ទីកន្លែង ក្នុងព្រះរាជាណាចក្រកម្ពុជា ទោះជាស្ថានភាពកូវីដ-១៩ កំពុងរីករាលដាលយ៉ាងក៏ដោយ។

លោក អុិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩ និងដើម្បីអនុវត្តសេចក្តីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលធនាគារ អេស៊ីលីដា បានរៀបចំបើកការិយាល័យធនាគារ អេស៊ីលីដា ៤ កន្លែងនៅរាជធានីភ្នំពេញ រួមមាន ការិយាល័យកណ្តាល សាខាបឹងត្របែក សាខាស្ទឹងមានជ័យ និងសាខាចោមចៅ នឹងបើកបម្រើប្រតិបត្តិការសេវាធនាគារ តាមបញ្ជរ ជូនអតិថិជន និងសាធារណជន ដើម្បីបន្តបើកដំណើរសេវាកម្ម ជាធម្មតា ដើម្បីបំពេញសេចក្តីត្រូវការចាំបាច់របស់អតិថិជន នៅក្នុងពេលដែលរាជរដ្ឋាភិបាលបានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល នាពេលនេះ ។ ដោយឡែកចំពោះសាខាខេត្ត-ក្រុងដទៃទៀតដែលមិនស្ថិតក្នុងភូមិសាស្ត្របិទខ្ទប់នឹងត្រូវបើកបម្រើប្រតិបត្តិការជាធម្មតា ។

លោកប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ក៏បានអរគុណអតិថិជនផងដែរដែលតែងតែគាំទ្រប្រើប្រាស់សេវាកម្មធនាគារ អេស៊ីលីដា ជារៀងរហូតមក ហើយប្រសិនបើអតិថិជនមានចម្ងល់ឬសំណូមពរផ្សេងៗ សូមទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជន តាមរយៈទូរសព្ទលេខ 023 99 4444 ឬ 015 999 233 ៕