ខេត្តស្វាយរៀង៖ យោងតាមរបាយការណ៍បន្តបន្ទាប់ប្រចាំថ្ងៃ គិតមកដល់ថ្ងៃអាទិត្យ ទី១៨ ខែមេសា ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ធ្វើឱ្យចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅខេត្តស្វាយរៀង កើនដល់៣០៦នាក់ហើយ ក្នុងនោះមានអ្នកជាសះស្បើយ៧០នាក់, ស្លាប់ម្នាក់ និងកំពុងព្យាបាល២៣៥នាក់ និងយកសំណាកសរុប ២,២២៩នាក់ និងទីបិទខ្ទប់មាន៦៦ទីតាំង រួមទាំងផ្ទះប្រជាជន និងរួមទាំងទីតាំងផ្សេងៗទៀត។

អាជ្ញាធរខេត្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចេះការពារខ្លួន ដោយត្រូវគោរពតាមវិធានការការពារ របស់ក្រសួងសុខាភិបាល ដូចជាអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន «៣កុំ និង៣ការពារ» និងបើមិនចាំបាច់កុំចេញក្រៅផ្ទះ។

បើតាមការឲ្យដឹងពីលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងថា «គិតត្រឹមថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ មានអ្នកឆ្លងកូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ កើនដល់ ៣០៦នាក់ហើយ ក្នុងនោះមានអ្នកជាសះស្បើយ៧០នាក់ ស្លាប់ម្នាក់ និងកំពុងព្យាបាល ២៣៥នាក់ និងយកសំណាកសរុប ២,២២៩នាក់ និងទីបិទខ្ទប់មាន ៦៦ទីតាំង រួមទាំងផ្ទះប្រជាជន និងរួមទាំងទីតាំងផ្សេងៗទៀត។ ចំពោះមន្ទីរពេទ្យដែលកំពុងព្យាបាលអ្នកជំងឺកូវីដ-១៩ មានមន្ទីរពេទ្យបង្អែកស្វាយជ្រំ មន្ទីពេទ្យសាមគ្គីរំដួល ស្រុករំដួល និងនៅមន្ទីរពេទ្យកាស៉ីណូម៉ុកបាយ ក្រុងបាវិត»។

លោក តូច ប៉ូលីវ៉ា បានបន្តថា ក្រោមការយកចិត្តទុកដាក់ របស់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត ដែលមានលោកអភិបាលខេត្ត ជាប្រធានរដ្ឋបាលខេត្តស្វាយរៀង សង្ឃឹមថាស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងខេត្តនឹងមានភាពធូរស្រាល នៅពេលឆាប់ៗខាងមុខនេះ។

ទន្ទឹមនេះ លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើននូវការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» និងសេចក្តីសម្រេច ឬសេចក្តីណែនាំនានាដែលចេញដោយរដ្ឋបាលខេត្ត ហើយបើគ្មានការចាំបាច់សូមនៅតែក្នុងផ្ទះ ត្រូវរួមគ្នាកាត់ផ្តាច់ឬសគល់នៃជំងឺកូវីដ-១៩នេះ ដោយផ្តើមចេញពីការចូលរួមសហការ ពីប្រជាពលរដ្ឋគ្រប់ៗគ្នាផងដែរ៕