ដូចដែលគ្រប់គ្នាបានដឹងស្រាប់ហើយ ពីភាពកាចសាហាវនៃអាការៈជំងឺរលាកសួតថ្មីនេះ ដូច្នេះយើងគប្បីប្រកាន់ឱ្យខ្ជាប់ខ្ជួននូវរាល់វិធីសាស្ត្របង្ការការឆ្លងវីរុសប្រភេទថ្មីនេះ។ ពិសេស ចំពោះកុមារ និងនារីមានផ្ទៃពោះ គួរតែយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាពរបស់ខ្លួនជាងអ្នកដទៃទ្វេដង ក្នុងកាលៈទេសៈបែបនេះដែលក្នុងនោះរួមមាន៖

១. ស្ត្រីមានផ្ទៃពោះ គួរការពារខ្លួនពីជំងឺធ្ងន់ស្រាលគ្រប់ប្រភេទទោះជាគ្រុនផ្តាសាយ ឬគ្រុនក្តៅធម្មតាក្តី ព្រោះ កំឡុងពេលឈឺប្រព័ន្ធភាពសុំា នៅក្នុងរាងកាយនឹងចុះខ្សោយ ហើយវាអាចប៉ះពាល់ដល់ការលូតលាស់ របស់ទារកក្នុងផ្ទៃទៀតផង។

២. ស្ត្រីមានផ្ទៃពោះ មិនគួរចេញក្រៅ ជាពិសេសកន្លែងមានមនុស្សច្រើន។ ក្នុងករណីចាំបាច់ដាច់ខាត ត្រូវ ពាក់ម៉ាសការពារឱ្យបានត្រឹមត្រូវ។

៣. ស្ត្រីមានផ្ទៃពោះ គួរចៀសវាងរាល់ការប្រើប្រាស់ថ្នាំលេប ឬផឹកគ្រប់ប្រភេទជាពិសេសគឺប្រភេទថ្នាំ ផ្សះ។ ក្នុងករណីចាំបាច់ ត្រូវទៅពិគ្រោះជាមួយអ្នកជំនាញ ឬវេជ្ជបណ្ឌិតឱ្យបានត្រឹមត្រូវមុនពេលប្រើ ចៀសវាងការប៉ះពាល់ ដល់សុខភាពទាំងម្តាយ និងទារកក្នុងផ្ទៃ ។

៤. ស្ត្រីមានផ្ទៃពោះ គប្បីយកចិត្តទុកដាក់ខ្លាំង ទៅលើការបរិភោគចំណីអាហារនានា ជាពិសេស បន្លែឆៅ សាច់ឆៅ ឬចម្អិនមិនបានឆ្អិនល្អព្រោះ អាចមានផ្ទុកមេរោគនានា។

៥. ស្ត្រីមានផ្ទៃពោះ មិនត្រូវនៅក្បែរ ឬមានការប៉ះពាល់ទៅលើបុគ្គលដែលមានអាការៈ ក្អក ហៀរសំបោរ ផ្តាសាយ ចៀសវាងការឆ្លងវីរុសតាមផ្លូវដង្ហើម និងទឹកមាត់ផ្ទាល់។

វីរុសកាចសាហាវនេះ ត្រូវបានគេខ្លាចរអាគ្រប់ៗគ្នាមិនថា ក្មេងចាស់ ប្រុសស្រី ព្រោះគ្មាននរណាម្នាក់មើលឃើញថានឹងមានរឿងអ្វីកើតឡើងនោះទេ។ សម្រាប់ស្ត្រីមានផ្ទៃពោះ ដែលគេតែងឱ្យមានការប្រុងប្រយ័ត្នជានិច្ចនោះត្រូវថែរក្សាខ្លួន និងកូនក្នុងផ្ទៃឱ្យបានល្អ ពោលគឺមានសុខភាពល្អ ទាំងម្តាយ និង ទារក៕