រាជធានីភ្នំពេញ៖ ក្មេងស្រីអាយុ៨ឆ្នាំម្នាក់ រស់នៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានឈរពប្អូនស្រីបង្កើតអាយុ១១ខែ ដែលមានផ្ទុកជំងឺកូវីដ-១៩ រង់ចាំរថយន្តសង្រ្គោះមកដឹកទៅព្យាបាលជំងឺ ធ្វើឲ្យមហាជនមានក្តីសង្វេគជាពន់ពេក។

លោកស្រី យន់ សុផល ចៅសង្កាត់វាលស្បូវ បានឲ្យដឹងថា នៅវេលាម៉ោង១០យប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ រថយន្តសង្រ្គោះរបស់មន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅ ចុះទៅយកក្មេងស្រី២នាក់បងប្អូនយកទៅព្យាបាលជំងឺកូវីដ-១៩ ដោយអ្នកផ្ទុកជាក្មេងស្រីអាយុ១១ខែ ហើយក្មេងស្រីជាំបងអាយុ៨ឆ្នាំ ជាអ្នកស្ម័គ្រចិត្តទៅមើលថែប្អូន។

លោកស្រីចៅសង្កាត់ បញ្ជាក់ថា ក្មេងស្រីអាយុ១១ខែនេះ បានឆ្លងជំងឺកូវីដ-១៩ពីម្តាយ ហើយម្តាយបង្កើតក្មេងស្រីអាយុ១១ខែនេះ បានឆ្លងនិងយកទៅព្យាបាលមុនទៅហើយ ហើយសង្ឃឹមថា ក្រុមគ្រួសាររបស់ក្មេងស្រីនេះ បានជាសះស្បើយឆាប់ៗវិញ៕