រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ សម្តេច ហ៊ុន សែន ឲ្យដឹងថា នៅពេលនេះ សម្តេច កំពុងរៀបចំលិខិតស្នើព្រះមហាក្សត្រ ដើម្បីដកស័ក្ត និងបណ្តេញពីក្របខណ្ឌនគរបាលជាតិ ចំពោះឧត្តមសេនីយ៍ផ្កាយ២ម្នាក់ ដែលផឹកស៊ីរាំ ច្រៀង និងលេងបាតម្សៅ បំពានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ព្រមទាំងអំពាវនាវតុលាការកាត់ទោសបុគ្គលនេះឲ្យបានម៉ឺងម៉ាត់ជាទីបំផុត។

ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍រាល់ថ្ងៃ សូមចូលទៅកាន់ Channel Telegram KBN News

សូមបញ្ជាក់ថា កាលពីយប់មិញ កម្លាំងនគរបាលខណ្ឌមានជ័យ បានចាប់វាយខ្នោះឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក អាយុ៤៥ឆ្នាំ មានតួនាទីជាអនុប្រធានសេធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងបក្ខពួក២នាក់ទៀត ។

យោងតាមរបាយការណ៍របស់អធិការដ្ឋាន នគរបាលខណ្ឌមានជ័យ បានបញ្ជាក់យ៉ាងដូច្នេះថា «នៅវេលាម៉ោង ២១ម៉៣០នាទី ថ្ងៃសុក្រ ទី១៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចតំបន់ផ្ទះជួលលេខ58 ផ្លូវវេងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ បានសហការជាមួយកម្លាំងអន្តរាគមន៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ រួមមាន៖

១-ឈ្មោះ អ៊ុង ចាន់ធួក ភេទប្រុស អាយុ៤៥ឆ្នាំ ជាម្ចាស់ទីតាំងផ្ទះជួល ឋានៈអនុប្រធានសេនាធិការ នៃអគ្គស្នងដ្ឋានការនគរបាលជាតិ ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ។
២-ឈ្មោះ ឡាយ ភារុណ ភេទ ប្រុស អាយុ២៨ឆ្នាំ មុខរបរបំរើការងារនៅផ្ទះឈ្មោះ អ៊ុង ចាន់ធួក។
៣-ឈ្មោះ កុក ឃី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបំរើការងារនៅផ្ទះ អ៊ុង ចាន់ធួក។ ដោយឡែក មនុស្សមួយចំនួនទៀតបានរត់ចូលផ្ទះជួលអស់ពេលសមត្ថកិច្ចទៅដល់។

របាយការណ៍បានបញ្ជាក់ទៀតថា ជនទាំង៣នាក់នេះ បានធ្វើសកម្មភាពប្រមូលផ្តុំកម្មករ និងប្រជាពលរដ្ឋចន្លោះពី៣០ទៅ៤០នាក់ ដែលស្នាក់នៅផ្ទះជួលរបស់ខ្លួន (អ៊ុង ចាន់ធួក) ផឹកស៊ី រាំច្រៀង លេងប៉ាតម្សៅ នៅក្នុងទីតាំងរបស់ខ្លួន។

ក្រោយការឃាត់ខ្លួន បុរសទាំង៣នាក់នេះ ត្រូវបានកម្លាំងនគរបាលចាប់បញ្ជូនឡើងរថយន្ត បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕