ប្រទេសឥណ្ឌា៖ មន្រ្តី​សុខភាពសាធារណៈ បាននិយាយថាមនុស្សជាង១​​ ០០០នាក់ បានធ្វើតេស្តវិជ្ជមានចំពោះវីរុសឆ្លងកូវីដ-១៩ នៅឯកន្លែងនៃពិធីបុណ្យហិណ្ឌូដ៏ធំមួយនៅក្នុងប្រទេសឥណ្ឌា ក្នុងរយៈពេល២ថ្ងៃ ខណៈដែលមនុស្សជាច្រើនមានជំនឿសាសនាយ៉ាងងប់ងល់បានចុះទៅងូតនៅលើដងទន្លេគង្គា​ នៅភាគខាងជើង រដ្ឋអ៊ូតារ៉ាខាក ប្រទេសឥណ្ឌា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័តមាន Aljazeera

ក្រុមមន្រ្តីបាននិយាយថា វីរុសនេះត្រូវបានគេរកឃើញនៅក្នុងទីក្រុងហាឌីត ដែលស្ថិតនៅតាមដងទន្លេដែលជាកន្លែងពិធីបុណ្យកូមប៊ែល ដែលមានរយៈពេលរាប់សប្តាហ៍។ ក្នុងចំនោមសំណាកចំនួន៥០​ ០០០ ត្រូវបានយកចេញពីប្រជាជននៅហាឌីដវ៉ាន ៤០៨នាក់ ត្រូវបានគេធ្វើតេស្តវិជ្ជមាននៅថ្ងៃច័ន្ទ ចំណែក៥៩៤នាក់ទៀត ត្រូវបានរកឃើញកាលពីថ្ងៃអង្គារ។

បើតាមទិន្នន័យផ្លូវការពីអាជ្ញាធរសុខាភិបាលឥណ្ឌា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ករណីវិជ្ជមាន COVID-19 សរុប ២១៧,៣៥៣នាក់ទៀតត្រូវបានរាយការណ៍ នាំឲ្យចំនួនករណីឆ្លងសរុបទូទាំងប្រទេស កើនឡើងដល់ជិត ១៤.៣លានករណី។ ក្នុងរយៈពេលដូចគ្នាអ្នកជំងឺរហូតដល់ទៅ ១.១៨៥នាក់ទៀត ក៏បានបាត់បង់ជីវិតផងដែរ នាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ១៧៤,៣០៨នាក់។

គួរបញ្ជាក់ថា ស្ថិតនៅចំពោះមុខករណីឆ្លង និងស្លាប់យ៉ាងគំហុកឡើងវិញនេះ រដ្ឋាភិបាលសហព័ន្ធឥណ្ឌាបានច្រានចោល ការអំពាវនាវឲ្យបិទប្រទេសទាំងស្រុងជាថ្មី។ ទោះជាបែបនេះក្តី សាលារៀនជាច្រើនត្រូវបានសម្រេចឲ្យលុបចោលការប្រឡង ឬក៏អាចផ្អាកជាបណ្តោះអាសន្នសិន ដើម្បីទប់ស្កាត់ការប្រមូលផ្តុំគ្នាគ្រប់ទម្រង់ ដែលនឹងអាចនាំឲ្យករណីផ្ទុះរលកថ្មី COVID-19 កាន់តែយ៉ាប់យ៉ឺន ក្នុងប្រទេសដែលមានប្រជាជនជាង ១,៣០០លាននាក់មួយនេះ។ បន្ថែមពីនេះ រដ្ឋធានីញូដេលីក៏សម្រេចបានដាក់ចេញ នូវបម្រាមគោចរពេលរាត្រី នៅថ្ងៃចុងសប្តាហ៍ផងដែរ។

សម្រាប់ការចាក់វ៉ាក់សាំងបង្ការ COVID-19 វិញ គិតចាប់តាំងពីថ្ងៃទី១៦ ខែមករា រហូតមកទល់នឹងពាក់កណ្តាលខែមេសា ឆ្នាំ២០២១នេះ ឥណ្ឌាសម្រេចចាក់ជូនប្រជាជនបានជាង ១១៧លាននាក់ហើយ៕