សារព័ត៌មាន ខេ ប៊ី អិន សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះសពឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលឯកឧត្តមបានទទួលមរណភាពនៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២១នេះ។

ក្នុងវេលាដ៏ក្រៀមក្រំនេះ យើងខ្ញុំសូមសម្តែងមរណនូវទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារនៃសព ដែលបានបាត់បង់ នូវថ្នាក់ដឹកនាំប្រកបដោយទេពកោសល្យ នឹងបុិនប្រសព្វ ដែលក្នុង១ជីវិតរបស់ឯកឧត្តម បានជួយលើកស្ទួយវិស័យព័ត៌មាន និងសិល្បៈវប្បធម៌ មានការរីកចម្រើនដូចពេលបច្ចុប្បន្ន។

សូមបញ្ជាក់ថា ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានទទួលមរណភាព នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្ស៉ី) នៅវេលាម៉ោងប្រមាណ៦ល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ ដោយសារជំងឺកូវីដ១៩។ នេះបើតាមលោក ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មានបញ្ជាក់ប្រាប់នៅមុននេះបន្តិច។

លោក ម៉ៅ អាយុទ្ធ ដែលមានអាយុ៧៧ឆ្នាំ រស់នៅភូមិ០៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ បានបានឆ្លងកូវីដ១៩ ហើយបានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។

លោក ម៉ៅ អាយុទ្ធ ត្រូវបានគេស្គាល់ថា លោកជាមន្រ្តីជាន់ខ្ពស់ម្នាក់ និងជាផលិតករភាពយន្តដ៏ល្បីល្បាញមួយ ក្នុងចំណោមផលិតករជើងខ្លាំងដទៃទៀត ដោយមានស្នាដៃជាច្រើនក្នុងវិស័យសិល្បៈខ្មែរ ក្នុងនោះមានស្នាដៃផលិតខ្សែភាពយន្តខ្សែវីដេអូចម្រៀងកាយវិការកំណាព្យប្រលោមលោកជាដើម។

ខ្សែភាពយន្តដ៏ល្បី ដែលជាស្នាដៃរបស់លោក និងមានភាពល្បីល្បាញនោះ គឺរឿង «នេសាទក្រពើ» កាលពីអំឡុងឆ្នាំ២០០៣ និងរឿង «ហ្លួងព្រះស្តេចកន» កាលពីឆ្នាំ២០១៦កន្លងទៅ៕

សូមឧទ្ទិសដល់ដួងវីញ្ញាណក្ខន្ធ ឯកឧត្តម ម៉ៅ អាយុទ្ធ សូមបានសោយសុខ ក្នុងឋានសុកតិភព កុំបីឃ្លៀងឃ្លាតឡើយ។