ខេត្តព្រះសីហនុ៖ យោងតាមសេចក្តីប្រកាសរបស់តំណាងអយ្យការសាលាដំបូងខេត្តព្រះសីហនុ នាល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះបានឲ្យដឹងថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ បានសម្រេចចោទប្រកាន់បុគ្គល២នាក់ ដែលគេចចេញពីផ្ទះក្នុងតំបន់ចត្តាឡីស័កនៅក្រុងព្រះសីហនុ និងស្នើសុំឲ្យឃុំខ្លួនបណ្តោះអាសន្នដាក់ពន្ធនាគារផងដែរ។

សេចក្តីប្រកាសខាងលើបានបញ្ជាក់ថា កាលពីថ្ងៃទី១០ និងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅចំណុចភូមិ៣ (ទំនប់រលក) សង្កាត់លេខ១ ក្រុងព្រះសីហនុ មានជនសង្ស័យចំនួន០២នាក់ មានឈ្មោះ គឹម សុខរ៉ា ភេទប្រុស អាយុ៣០ឆ្នាំ និងឈ្មោះ គឹម ជាវី ឬគឹម ថារី ភេទប្រុស អាយុ៣១ឆ្នាំ បានធ្វើសកម្មភាពចេញពីផ្ទះក្នុងតំបន់ ដែលរដ្ឋបាលខេត្តព្រះសីហនុ ដាក់តំបន់នោះជា
មណ្ឌលចត្តាឡីស័ក។

នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២៣និង០០នាទី ឈ្មោះ គឹម សុខរ៉ា បានចេញពីផ្ទះក្នុងតំបន់ចត្តាឡីស័ក ចំណែកឈ្មោះ គឹម ជារឺ ឬគឹម ថារី បានជិះម៉ូតូ១គ្រឿងម៉ាក Honda Dream C-125 ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខ ព្រះសីហនុ 1I-3233 គេចចេញពីផ្ទះក្នុងតំបន់ដែលជាមណ្ឌលចត្តាឡីស័ក នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១រំលងអធ្រាត្រ។ បន្ទាប់ពីទទួលបានព័ត៌មានពីកម្លាំងប្រជាការពារយាមគោលដៅថា មានមនុស្សរត់គេចចេញពីកន្លែងចត្តាឡីស័ក ក្រោយមកកម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនបានជនសង្ស័យទាំងពីរនាក់ខាងលើនេះតែម្តង។

ដោយសារតឹកតាងខាងលើនេះហើយ ទើបតំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យខាងលើ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ១៥២អ.យ.គ/២១ ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ពីបទ៖ គេចចេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីកន្លែងធ្វើចត្តាឡីស័ក បទល្មើសដែលមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា៧ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូរឹង-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ ផ្សេងទៀត ដោយតំណាងអយ្យការបានធ្វើការស្នើសុំឲ្យឃុំខ្លួនបណ្តោះអាសន្នបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការតាមទីតិវិធី។