ខេត្តកណ្តាល៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកកៀនស្វាយ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ នេះ បានបង្ហាញអត្តសញ្ញាណអ្នកទាំងវិជ្ជមានកូវីដ-១៩ ចំនួន៧នាក់នៅផ្សារគគីរ ស្រុកកៀនស្វាយ ព្រមទាំងបានអំពាវនាវរាល់អ្នកពាក់ព័ន្ធទាំងអស់ជាមួយពួកគាត់ទាំង៧នាក់ សូមធ្វើការរាយការណ៍ជាបន្ទាន់មកអាជ្ញាធរដើម្បីយកសំណាក។

អត្តសញ្ញាណអ្នកដែលឆ្លងជំងឺកូវីដទាំង៧នាក់ ៖ ទី១.ឈ្មោះ គ្រូ ម៉ៅ (ស្រី វឌ្ឍន) ទី២.ឈ្មោះ ឆាយ ស្រីនាង ទី៣.ឈ្មោះ យឹម សារឿន ទី៤.ឈ្មោះស្រី ភានុគុណ ទី៥.ឈ្មោះ ស្រី ប៉ូដែន ទី៦.ឈ្មោះ អុំ សាវរៈ និងទី៧.ឈ្មោះ គា វរវឌ្ឍនា។

ដោយឡែក នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ដដែល រដ្ឋបាលខេត្តកណ្តាល បានចេញសេចក្តីជូនដំណឹង ប្រកាសរផ្អាកដំណើរការជាបណ្ដោះអាសន្ន«ផ្សារគគីរ» ឃុំគគីរ ស្រុកកៀនស្វាយ ជាបណ្តោះអាសន្ន ក្រោយរកឃើញបងប្អូនពលរដ្ឋអាជីវករនៅទីនោះ បានឆ្លងកូវីដ-១៩។ ការផ្អាកបណ្តោះអាសន្នផ្សារគគីរនេះ គឺដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ ពីពលរដ្ឋម្នាក់ទៅម្នាក់ ដែលចេញចូលក្នុងផ្សារនេះ។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តកណ្តាល បានធានាលើការងារសន្តិសុខ និងសុវត្ថិភាពចំពោះសម្ភារ និងអីវ៉ាន់គ្រប់ប្រភេទរបស់បងប្អូននៅក្នុងតូបនីមួយៗមិនឲ្យមានការបាត់បង់ឡើយ និងមិនតម្រូវឲ្យបង់ថ្លៃទៅភាគីពាក់ព័ន្ធណាមួយឡើយ។ ចំពោះទំនិញខូចគុណភាព ដូចជាបន្លែ ត្រី សាច់ ផ្លែឈើ ស៊ុត សូមបងប្អូនអាជីវករ សូមទំនាក់ទំនងជាមួយប្រធានផ្សារយកទៅរក្សាទុកដោយខ្លួនឯងចុះ៕