ថ្ងៃចូលឆ្នាំមិនបានទៅណាបងប្អូនប្រាកដជាអផ្សុកហើយមែនទេ បើអ៊ីចឹងគួតែធ្វើសាច់គោអាំងទឹកប្រហុកញ៉ាំជុំគ្នាប្រហែលអាចបង្កើតបរិយាកាសសប្បាយក៏ថាបាន។

១.គ្រឿងផ្សំ៖
សាច់គោជាប់ខ្លាញ់តិចៗ ១គីឡូ, ម្សៅស៊ុប ១ស្លាបព្រាបាយ, ទឹកប្រេងខ្យង ៣ស្លាបព្រាបាយ, ប៊័រ ៥ស្លាបព្រាបាយ។ គ្រឿងផ្សំទឹកប្រហុក៖ ប្រហុកសាច់ ២ស្លាបព្រាបាយ ចិញ្ច្រាំឲ្យម៉ត់, ស្លឹកក្រូចសើច ៥-១០សន្លឹក ហាន់តូចៗ, រំដេង ៣០ក្រាម ហាន់ចំនិតស្តើងៗ, ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាបាយ, ស្ករស ១ស្លាបព្រាបាយ, ទឹក ២កូនចានចង្កឹះ, សណ្តែកដីលីង បុកឲ្យម៉ត់ល្មម, គល់ស្លឹកគ្រៃ ម្ទេស ហាន់តូចៗល្មម និងក្រូចឆ្មារ (តាមចំណូលចិត្ត), បន្លែផ្ទាប់មាន ការ៉ុត ត្រសក់ ចេកខ្ចី ត្រយ៉ូងចេក… តាមចំណូលចិត្ត។

២. វិធីធ្វើ៖
ដំបូងយកសាច់គោប្រឡាក់ជាមួយប៊័រ ម្សៅស៊ុប និងប្រេងខ្យងច្របល់ចូលគ្នាឲ្យសព្វល្អ រួចទុកចោលប្រហែល ១៥នាទី ដើម្បីឲ្យវាចូលជាតិល្អ។ ដាំឆ្នាំងដាក់ទឹកចូលដាំឲ្យពុះ រួចដាក់ប្រហុកចិញ្រ្ចាំចូលកូរឲ្យសព្វ ហើយដាក់ខ្ទឹមសចិញ្រ្ចាំ ស្លឹកក្រូចសើច រំដេង និងស្ករសចូលកូរឲ្យសព្វចូលគ្នាទុកឲ្យពុះ។បន្ទាប់មកយកសាច់គោដែលប្រឡាក់ហើយដាក់អាំងមើលល្មមតាមចំណូលចិត្ត ឆ្អិនហើយយកសាច់មកហាន់ដាក់ចាន។ រួចរាល់ហើយពេលញ៉ាំយកទឹកប្រហុក ដាក់លាយបន្ថែមជាមួយគល់ស្លឹកគ្រៃ ម្ទេស សណ្តែកដី និងច្របាច់ក្រូចឆ្មារចូលល្មមតាមចំណូលចិត្ត យកសាច់គោអាំងញ៉ាំផ្ទាប់ជាមួយបន្លែ និងទឹកប្រហុកឆ្ងាញ់យកទៅណាអស់៕